ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់នៃវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសឹករងស្រុកម៉ាឡៃ នៅវេលាម៉ោង០៦និង៥០នាទីយប់ថ្ងៃទី១៥ខែ វិច្ឆិកា ឆ្នាំ២០២១ ធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរប្រុសស្រី ចំនួន២១នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ នៅចំណុចគោលដៅដើមធ្នង់ ក្នុងភូមិសាស្ត្រ ភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ ប្រជាពលរដ្ឋខ្មែរ ចំនួន២១នាក់ ស្រីចំនួន០៧នាក់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនក្បាលទំនប់ សហការជាមួយកម្លាំងយោធាប្រតិបត្តិការសឹករងស្រុកម៉ាឡៃធ្វើការទប់ស្កាត់នោះ មកពី០៥ខេត្ត ក្នុងនោះ ១-បន្ទាយមានជ័យ ០៣នាក់, ២-កំពង់ធំ ០៧នាក់, ៣-បាត់ដំបង ០៣នាក់, ៤-ត្បូងឃ្មុំ ០៧នាក់, ៥-កំពត ០១នាក់ ។
លោកបានបញ្ជាក់ថា៖ ក្រោយពីទប់ស្កាត់ បាននាំប្រជាពលរដ្ឋទាំងនោះមកសួរនាំ និងធ្វើកិច្ចសន្យា រួចបានប្រគល់ពួកគាត់ ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីមានវិធានការបន្ត ៕
ដោយ ៖ វណ្ណា