ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាជនជាតិថៃម្នាក់បានដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលមកកម្ពុជាត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាប។
ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចូលកម្ពុជានេះបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយត្រូវកម្លាំងជំនាញ (ក១០)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា សហការជាមួយសមត្ថកិច្ចគយនិងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ច្រកអ្នកដំណើរមកដល់) និងដោយមានការសម្របសម្រួលពីលោក មុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខាងលើនេះគឺចេញ ពីប្រទេសម៉ាលី ឆ្លងកាត់ប្រទេសអេត្យូពី និងប្រទេសកូរ៉េខាងត្បូង រួចចូលមកប្រទេសកម្ពុជា ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងទៀតថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ SINEE SAISUWAN ភេទស្រី អាយុ៦២ឆ្នាំជនជាតិថៃកាន់លិខិតឆ្លងដែនលេខAB3676188 និងចាប់យកវត្ថុតាងមានសារធាតុញៀនប្រភេទកូកាអុីន (COCAINE)ទម្ងន់សុទ្ធ១គីឡូក្រាមនិង៩៨៩.១ក្រាម(បង្កប់លាក់នៅបាតវ៉ាលិស)។

បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធី ៕

ដោយ៖ស សម


ចែករំលែក៖