ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ចាត់តាំង លោក វរសេនីយ៍ឯក ម៉ក់ ថាវរោ មេបញ្ជាការរង ដឹកនាំក្រុមការងារចាក់វ៉ាក់សាំង សហការជាមួយក្រុមការងារស្រុក ចុះចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដោយចល័តតាមខ្នងផ្ទះនីមួយៗ បិទបញ្ចប់ដោយជោគជ័យ។
សូមជម្រាបថា ដោយមានការស្នើសុំពីឯកអភិបាល ខេត្តបន្ទាយមានជ័យ ឃើញថាមានប្រជាពលរដ្ឋមួយចំនួន ជាជនពិការ មានសភាពចាស់ជរា ដែលមិនទាន់បានទទួលវ៉ាក់សាំង និងពិបាកក្នុងការធ្វើដំណើរទៅដល់ទីតាំងចាក់វ៉ាក់សាំង ទើបក្រុមការងារជួយសម្រួលចុះចាក់វ៉ាក់សាំងជូនពួកគាត់ដល់មូលដ្ឋានតែម្ដង។
ការចុះចាក់ដល់មូលដ្ឋាននេះផងដែរ បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលជាជនពិការ និងមានសភាពចាស់ជរា គឺមានចិត្តត្រេកអរ និងបានថ្លែងអំណរគុណ ដល់ក្រុមការងារ ទាំងអស់ដែលយកចិត្តទុកដាក់ចំពោះពួកគាត់ ជាពិសេសគឺបងប្អូនសូមអរគុណ យ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ដល់បងប្អូនគ្រប់កាលៈទេសៈទាំងអស់។
នាឱកាសនោះផងដែរ លោក វរសេនីយ៍ ឯក ម៉ក់ ថាវរោ មេបញ្ជាការរង បានពាំនាំការសួរសុខទុក្ខពីសំណាក់ លោកឧត្តម សេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ និងបានផ្តាំផ្ញើដល់បងប្អូនដែលបានទទួលវ៉ាក់សាំង ហើយត្រូវតែបន្តនូវការការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ដ្រី គឺវិធានការ ៣ការពារ និង ៣កុំ៕
ដោយ៖ សូរិយា