ព័ត៌មានទាន់ហេតុការណ៍៖

ថៃនឹងអនុញ្ញាតឲ្យបើកទីតាំងកម្សាន្តឡើងវិញនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២

ចែករំលែក៖

នៅថ្ងៃទី១៦ខែវិច្ឆិកា គណៈរដ្ឋមន្ត្រីថៃបានសម្រេចអនុញ្ញាតឱ្យបើកទ្វារទីតាំងកម្សាន្តឡើងវិញ ក្នុងនោះមានហាងស្រា ក្លិប ហាងខារ៉ាអូខេ នៅទូទាំងប្រទេសនាថ្ងៃទី ទី១៦ ខែមករា ឆ្នាំ២០២២។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Ratchada Thanadirek បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានសម្រេចបើកទ្វារទីតាំងកម្សាន្ត នៅទូទាំងប្រទេសឡើងវិញនៅពាក់កណ្តាលខែមករាឆ្នាំ២០២២។ ការសម្រេចខាងលើគឺដើម្បីជួយដល់សេដ្ឋកិច្ចជាតិដំណើរការល្អប្រសើរឡើងវិញ ។
ពាក់ព័ន្ធនឹងការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃក្រសួងសុខាភិបាលថៃនៅថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសថាបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,៥២៤ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៥៦នាក់បន្ថែមទៀតក៏ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,១៩១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន២,០៣៧,២២៤ករណី ក្នុងនោះមានអ្នកស្លាប់ ២០,១៩៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,៩២៥,៦៤៣នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការ កូវីដ-១៩ សរុប ៨៥.៧៧លានដូស ក្នុងនោះប្រជាជន៣៧.៣៥លាននាក់ (៥៣.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា

រូបថត៖Kyodo/TTXVN


ចែករំលែក៖