ព័ត៌មានទាន់ហេតុការណ៍៖

តើពេលណាពិភពលោកនឹងបញ្ចប់កូវីដ-១៩ ជួយឲ្យជីវភាពរស់នៅរបស់ពលរដ្ឋវិលមកដូចដើមវិញ

ចែករំលែក៖

ពលរដ្ឋនៅជុំវិញពិភពលោកកំពុងតែទន្ទឹងរង់ចាំ ថាតើពេលណាកូវីដ-១៩ នឹងបញ្ចប់ ក្រោយការឆ្លងរាលដាលជិតពីរឆ្នាំមកហើយ។ ក្រុមអ្នកឯកទេសសុខាភិបាលនៅលើពិភពលោក បានលើកឡើងថា កូវីដ-១៩ នឹងមិនបញ្ចប់ឡើយ ដោយប្រែក្លាយទៅជាមេរោគដែលរស់នៅជាមួយយើងរហូត។ ប៉ុន្តែពិភពលោកមានវិធីសាស្ត្រទប់ស្កាត់វាជួយឲ្យមនុស្សរស់នៅធម្មតាដូចដើម ដោយមិនខ្វល់ពីការគំរាមកំហែងដោយកូវីដ-១៩ ទៀតឡើយ។
ក្រុមអ្នកឯកទេសសុខាភិបាលបានព្យាករថា ពិភពលោកនឹងរកឃើញវិធីសាស្ត្រទប់ទល់ជាមួយកូវីដ-១៩ ក្នុងពេលអនាគតដ៏ខ្លី ប៉ុន្តែមិនមានន័យថាកូវីដ-១៩ នឹងបញ្ចប់ទាំងស្រុងនោះឡើយ។
កូវីដ-១៩ នឹងក្លាយជាជំងឺ ឆ្លងហើយបន្តឆ្លងនៅក្នុងសហគមន៍ដដែល ប៉ុន្តែងាយស្រួលក្នុងការតាមដាន និងមិនសូវប៉ះពាល់ដូចជាពេលនេះឡើយ។
សារព័ត៌មាន Wall Street Journal បានផ្សាយថា តាមការលើកឡើងរបស់ក្រុមអ្នកឯកទេស កូវីដ-១៩ និងក្លាយដូចជាជំងឺទូទៅ ដូចជាជំងឺផ្តាសាយធម្មតា។ ក្នុងពេលនេះដែរ ប្រទេសជាច្រើនក៏បានសម្រេចរស់នៅជាមួយកូវីដ-១៩ ក្រោយការចាក់វ៉ាក់សាំងបានច្រើន។
ពាក់ព័ន្ធការឆ្លងកូវីដ-១៩គិតត្រឹមម៉ោង ៦៖៣០នាទីយប់ ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជំងឺ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ២២៣ហើយនៅទូទាំងសកលលោក ។
តាមគេហទំព័រអន្តរជាតិ worldometer បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៥៥,២៦០,៦៥៣ករណី ដែលក្នុងនោះអ្នកជំងឺចំនួន ៥,១៣៣,៣០៩នាក់បានស្លាប់ និង ២៣០,៧៤៧,១៨០នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕ដោយ៖ធីរីណា

រូបថត៖Reuters 


ចែករំលែក៖