នៅល្ងាចថ្ងៃទី១៧ខែវិច្ឆិកា ជើងហោះហើរដំបូងដឹកអ្នកទេសចរបរទេស មកពីទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង បានចុះចត់នៅអាកាសយានដ្ឋានទីក្រុងដាណាំង។ នេះជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិដំបូង ដែលជាការបើកផ្លូវដល់ការហោះហើរអន្តរជាតិទាំងស្រុងឡើងវិញ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាម អ៊ែរឡាញ ជាអ្នកបើកជើងហោះហើរពាណិជ្ជកម្មមុនគេ ចាប់តាំងពីថ្ងៃទី ២៥ខែមីនាឆ្នាំ២០២០មក។ ជើងហោះហើរនេះមានអ្នកដំណើរបរទេស៣០ នាក់ មានជនជាតិ កូរ៉េខាងត្បូង អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ …។ អ្នកដំណើរគឺត្រូវតែមានលិខិត«កាត»ចាក់វ៉ាក់សាំង ឬក៏លិខិតបញ្ចាក់ការធ្វើតេស្ត CPR ក្នុងរយៈពេល ៧២ម៉ោង អវិជ្ជមានកូវីដ- ១៩។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ទីក្រុងហូជីមិញដែលជាចំណុចកណ្តាលនៃការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ របស់វៀតណាម កាលពីថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា អ្នកដែលទទួលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូម្បីតែមួយដូស ឬបានជាសះស្បើយពីជំងឺត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសង្គម។
នេះគឺជាផ្នែកមួយនៃវិធានការបណ្តោះអាសន្នដែលត្រូវបានកែសម្រួលសម្រាប់ការគ្រប់គ្រងប្រកបដោយភាពបត់បែន សុវត្ថិភាព និងមានប្រសិទ្ធភាពចំពោះជំងឺកូវីដ-១៩ ដែលចេញដោយរដ្ឋបាលទីក្រុងហូជីមិញ។
កុមារដែលមិនទាន់ដល់អាយុដែលមានសិទ្ធិទទួលការចាក់ថ្នាំបង្ការក៏អាចចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចសង្គមបានដែរ ប៉ុន្តែពួកគេត្រូវតែអមដោយមនុស្សពេញវ័យដែលបានទទួលចាក់វ៉ាក់សាំងរួចរាល់។
សកម្មភាពទាំងនេះរួមមានការចូលរួមក្នុងការជួបជុំធំៗ ដូចជាពិធីបុណ្យ ព្រឹត្តិការណ៍វប្បធម៌ និងកីឡា ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ធ្វើការនៅកន្លែងសាធារណៈ និងការចូលរៀនក្នុងថ្នាក់ជាដើម។
ទីក្រុងហូជីមិញនៅតែជាចំណុចក្តៅនៃការរាតត្បាតធំបំផុតរបស់ប្រទេសវៀតណាម ជាមួយនឹងការរកឃើញករណីថ្មីៗប្រចាំថ្ងៃជាង១,០០០ករណី។ រហូតមកដល់ពេលនេះ វាបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ ជាង៤៤៦,០០០ករណី នៅក្នុងរលកនៃការឆ្លងចុងក្រោយបង្អស់ ដែលបានចាប់ផ្តើមនៅចុងខែមេសា នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុង៕ដោយ៖ធីរីណា
រូបថត៖m.baochinhphu.vn