ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងដោយសារបើកលឿនពេកបានបុកគ្នាហើយរថយន្តមួយគ្រឿងបានរេចង្កូតទៅឡើងសួនក្រឡាប់ផ្ងារជើង បណ្ដាលឱ្យមានមនុស្សរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យរថយន្តម៉ាកឡង់គ្រីស័រក្រឡាប់ផ្ងារជើងធ្វើឱ្យមនុស្សនៅក្នុងរថយន្តនោះរងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ១១៣ កែងផ្លូវលេខ៦១៦ ក្នុងតំបន់បឹងកក់ មូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកឡង់គ្រីស័រ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2H -6579 បើកក្នុងល្បឿនលឿនមកពីស្តុបស្រែលាភ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុបានបួងចង្កួតបត់ឆ្វេង ភា្លមនោះក៏មានរថយន្តមួយគ្រឿងទៀតស៊េរីទំនើប ម៉ាក Discovery ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BM-6633 ដែលបើកក្នុងល្បឿនលឿនដូចគ្នាបានបុកគ្នាលាន់ដូចរន្ទះបណ្ដាលឱ្យរថយន្តម៉ាកឡង់គ្រឺស័រ ក្រឡាប់ផ្ងារជើងតែម្ដង ហើយមនុស្សដែលនៅក្នុងរថយន្តនោះរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តស៊េរីទំនើបគ្រាន់តែខូចខាតផ្នែកខាងមុខបន្តិចនិងបែកធុងទឹកប៉ុណ្ណោះ។ក្រោយកើតហេតុរថយន្តស៊េរីទំនើបបានបើកបរចេញពីកន្លែងកើតហេតុ ចំណែករថយន្តម៉ាកឡង់គ្រីស័រត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទៅជំនាញស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖