ព័ត៌មានទាន់ហេតុការណ៍៖

ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាន់តែក្តៅហើយ បេក្ខភាព ម៉ាន់នី ប៉ាក់គីអាវ ព្រមានចាប់មន្ត្រីពុករលួយដាក់គុកបើលោកជាប់ឆ្នោត

ចែករំលែក៖

បេក្ខភាពប្រធានាធិបតី លោក Manny Pacquiao ត្រូវបានគេមើលឃើញថា មានលទ្ធភាពខ្ពស់ក្នុងការបន្តតំណែងជាប្រធានាធិបតីហ្វីលីពីនពីលោក Duterte នៅក្នុងការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ទោះបីជាលោក Duterte មានប្រជាប្រិយភាពយ៉ាងណា តែលោកអាចកាន់អំណាចបានតែ១អាណត្តិប៉ុណ្ណោះ ដែលមានរយៈពេល៦ឆ្នាំ ដោយសារតែការកំណត់ដោយច្បាប់រដ្ឋធម្មនុញ្ញហ្វីលីពីនថា ប្រធានាធិបតីមួយរូបអាចកាន់អំណាចបានតែមួយអាណត្តិប៉ុណ្ណោះ។
នៅពេលនេះដែរ បេក្ខភាពប្រធានាធិបតីនិងជាអតីតកីឡាករប្រដាល់សកលដ៏ល្បីល្បាញនៅលើពិភពលោក លោកម៉ាន់នី ប៉ាក់គីអាវ បានសន្យាចាប់អតីតដៃគូនយោបាយពុករលួយ «ដាក់គុក» ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CNN កាលពីពេលថ្មីៗនេះ អតីតអ្នកប្រដាល់អន្តរជាតិដ៏ល្បីល្បាញ លោក ម៉ាន់នី ប៉ាក់គីអាវ Manny Pacquiao បានសន្យាថា លោកនឹងបើកការស៊ើបអង្កេតពាក់ព័ន្ធរឿងពុករលួយ ប្រឆាំងអតីតដៃគូនយោបាយរបស់លោកមួយចំនួន នៅក្នុងជួររដ្ឋាភិបាលរបស់លោកប្រធានាធិបតី Rodrigo Duterte បច្ចុប្បន្ន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន។
គូប្រជែងម្នាក់របស់លោក Pacquiao ដែលកំពុងមានប្រជាប្រិយភាពផងដែរ គឺលោក Ferdinand “Bongbong” Marcos Jr. វ័យ៦៤ឆ្នាំ ត្រូវជាកូនប្រុសរបស់អតីតមេដឹកនាំផ្តាច់ការហ្វីលីពីន លោក ម៉ាកូស ដែលត្រូវបានគេចោទប្រកាន់ថាបាន
កិបកេងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសជាតិ អំឡុងការកាន់អំណាចរយៈពេលពីរទសវត្សរ៍កន្លះ ជាពេលដែលមនុស្សរាប់ពាន់នាក់ ត្រូវបានចាប់ដាក់គុក និងធ្វើទារុណកម្ម៕

ដោយ៖ធីរីណា(រូបថត៖AFP+រូបថត៖TTXVN-VNA)


ចែករំលែក៖