ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានស្រែកឆោឡោទាំងព្រឹក ខណៈដែលគាត់ចតម៉ូតូហើយដើរចូលទៅក្នុងផ្សារមួយភ្លែតសោះមិនបាន៥នាទីផង ក៏ត្រូវចោរដេីរមកកាច់សោ.កម៉ូតូយកទៅបាត់ស្រមោល។
ហេតុការណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចក្បែរផ្សារ «បឹងឈូក» ក្នុងក្រុងបាត់ដំបង។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ មួង ម៉េងអ៊ាង ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ហើយម៉ូតូដែលត្រូវចោរលួចនោះ ម៉ាកហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HL-5173។
បើតាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកេីតហេតុគាត់បានជិះម៉ូតូទៅឈប់ខាងមុខផ្ទះលក់អីវ៉ាន់ មួយដោយបានស្រែកផ្ញើម្ចាស់ផ្ទះផង ហើយក៏មានសមត្ថកិច្ច និងសន្តិសុខប៉ុន្មាននាក់ផងដែរនៅឈរយាមក្បែរនោះ។ គាត់បញ្ជាក់ថា គាត់មិនបានផ្ញើម៉ូតូរបស់គាត់នៅកន្លែងផ្ញើម៉ូតូទេ ព្រោះសំអាងថា ចូលផ្សាររកទិញផ្កាមួយភ្លែត ប៉ុន្តែពេលគាត់ចូលទិញផ្កាប្រហែល៥នាទី គាត់ក៏ដើរត្រឡប់មកវិញស្រាប់តែបាត់ម៉ូតូតែម្តង។ ពេលនោះគាត់បានសួរសមត្ថកិច្ច និងសន្តិសុខនៅក្បែរនោះដែរ ប៉ុន្តែពួកគេបាននិយាយថា «បានឃើញដែរ តែមិនបានចាប់អារម្មណ៍ថាជាចោរនោះទេ»។ ចំណែកអ្នកលក់អីវ៉ាន់នៅក្បែរនោះវិញ ក៏បានប្រាប់គាត់ថា៖ «ខ្ញុំបានឃើញចោរនោះដើរមកទាញម៉ូតូជិះ តែខ្ញុំស្មានតែប្ដីបងស្រី»។
ភ្លាមនោះ គាត់ក៏បានសុំឆែកកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្បែរនោះ ដេីម្បីមេីលសកម្មភាពចោរលួចម៉ូតូគាត់ផងដែរ ហេីយបានយករូបភាព និងដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋានខេត្ត ដេីម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់។
សូមជម្រាបថា យោងតាមរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ គេបានឃើញបុរសម្នាក់ជាចោរបានដើរសំដៅម៉ូតូជនរងគ្រោះ ទំនងជាពិការជើងខាងឆ្វេងផងដែរ ដែលអាចឱ្យសមត្ថកិច្ចស្រួលកត់សម្គាល់មុខសញ្ញាជនសង្ស័យរូបនេះ ហើយនៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ គេឃើញចោរនោះបានដើរទៅឡើងជិះម៉ូតូចាកចេញទៅបាត់ដោយសុវត្ថិភាព ដោយគ្មានសមត្ថកិច្ច ឬសន្តិសុខដែលគេអះអាងថា កំពុងឈររក្សាសន្តិសុខនៅទីនោះមករារាំងឡើយ៕
ដោយ៖សហការី