ព័ត៌មានទាន់ហេតុការណ៍៖

បារាំងសន្យាការពារអ្នកនេសាទ នៅក្នុងវិវាទជាមួយអង់គ្លេស

ចែករំលែក៖

ប្រធានាធិបតីបារាំង លោក Emmanuel Macron នៅថ្ងៃទី ១៩ខែវិច្ឆិកាបានប្រកាសថា លោកបានធានាដល់អ្នកនេសាទបារាំង អាចចូលទៅនេសាទនៅក្នុងតំបន់សមុទ្រ Jersey ដែលជាដែនសមុទ្រនៅក្រៅប្រទេសរបស់អង់គ្លេស ស្ថិតនៅច្រកសមុទ្រ Manche ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងពេលបំពេញទស្សនកិច្ចទៅកាន់តំបន់ភាគខាងជើងប្រទេសបារាំង ប្រធានាធិបតីម៉ាក្រុងបញ្ជាក់ថា «យើងនឹងបន្តតស៊ូ ដោយមិនអាចបោះបង់ចោលក្រុមអ្នកនេសាទរបស់បារាំងនោះឡើយ»។
ប្រធានាធិបតីបារាំង ក៏បានអំពាវនាវដល់គណៈកម្មការអឺរ៉ុប ដាក់គំនាប់ទៅលើរដ្ឋាភិបាលតំបន់ Jersey ត្រូវតែគោរពនៅអ្វីដែលបារាំងបានចាត់ទុកថា ស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit (អង់គ្លេសចាកចេញពីអឺរ៉ុប)។ ប្រធានាធិបតីម៉ាក្រុងបញ្ជាក់ថា គណៈកម្មការអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់នៅក្នុងការដោះស្រាយវិវាទខាងលើ ហើយបើអឺរ៉ុបមិនដោះស្រាយទេ បារាំងនឹងធ្វើវាដោយខ្លួនឯង។
កាលពីថ្ងៃទី ១៩ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងដែនទឹកបារាំង លោក Annick Girardin បានឲ្យដឹងថា ប្រទេសបារាំងនៅខ្វះលិខិតអនុញ្ញាតប្រមាណ ១៥០ សម្រាប់នេសាទនៅដែនសមុទ្រក្រោយ Brexit ។ ទន្ទឹមនឹងនោះរដ្ឋាភិបាលបារាំង នឹងផ្តល់សំណងដល់អ្នកនេសាទបារាំងដែលរងផលប៉ះពាល់៕

ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)


ចែករំលែក៖