ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍យោធាម្នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរអាវុធ

ចែករំលែក៖

ខេត្តបាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឃាត់ខ្លួនឧត្តមសេនីយ៍យោធាពាក់ផ្កាយ១ម្នាក់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរអាវុធខុសច្បាប់នៅខេត្ដបាត់ដំបង។ ការចាប់ខ្លួននេះធ្វើឡើងនៅមុខភោជនីយដ្ឋាន ស្យាមស៊ីហ៊្វូត ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

មន្រ្តីយោធាដែលចាប់ខ្លួនឈ្មោះ អូន ពិសិដ្ឋ មានឋានន្តរស័ក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធពីបទរក្សាទុក និងជួញដូរអាវុធដោយខុសច្បាប់នៅឯខេត្ដបាត់ដំបង។

 គួររំលឹកថា កាលពីរសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុចក្នុង​ចម្ការ​មៀន ស្ថិត​ក្នុង​ក្រុម​ទី​២ ភូមិ​អូរ​រំដួល ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​អាវុធចំនួន ៣៣ដើម ដែល​នៅមាន​គុណភាព​ល្អ១០០% នៅក្នុងចម្ការក៏បានរាយការណ៍ជូនសមត្ថកិច្ចដើម្បី​ចុះទៅពិនិត្យហើយក៏ បានឃើញ​អាវុធ​ចំនួន​៣៣​ដើម ស្ថិត​ក្នុង​ចម្ការ​មៀន​មួយ​កន្លែងតាមបន្ទាត់ព្រំដែន នៅ​ចំណុចខាងលើ។

សមត្ថកិច្ច​ជំនាញបញ្ជាក់​ថា អាវុធដែលពលរដ្ឋប្រទះឃើញក្នុងចម្ការមៀនហើយរាយការណ៍ប្រាប់សមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចុះទៅពិនិត្យនោះរួមមានចំនួន​៣៣ដើម​ជា​ប្រភេទ​អាកា (AK)​មានស្វាយចំនួន៣០​ដើម បង់​៤០​បង់ និង​អាវុធ​M79 ចំនួន​០៣ ដើម។ សមត្ថកិច្ច​បានបញ្ជាក់​ថា បន្ទាប់ពី​បានទទួល​ដំណឹង​នេះ​សម្ដេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចាត់​ឱ្យសមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​សមត្ថកិច្ចខេត្តបាត់ដំបង​ធ្វើការស្រាវជ្រាវ​រក​ប្រភព​បន្ថែមទៀត និង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា ។

 អាវុធ​ទាំងអស់​ត្រូវសមត្ថកិច្ចយកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ហើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖