ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបំផ្លាញអស់ទាំងស្រុង

ចែករំលែក៖

ភ្នំ​ពេញ​៖​  អគ្គិភ័យ​មួយបានឆាបឆេះយ៉ាង​សន្ធោសន្ធៅ​លេប​ត្របាក់​អស់​ផ្ទះ​ ប្រជាពលរដ្ឋចំនួន៣ខ្នង​ទាំង​ស្រុង​ធ្វើឱ្យ ផ្អើលអស់ប្រជាពលរដ្ឋជិតខាង តែសំណាងល្អដែរដែលមិនបង្កឱ្យមានមនុស្សរងរបួស​។

ហេតុការណ៍អគ្គិភ័យនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​១០និង១៥នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា​​ ឆ្នាំ២០២១​ នៅចំណុចផ្លូវ​រទេះ​ភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះមានឈ្មោះ ហយ សែម ភេទ​ស្រី  និងឈ្មោះ សេន ផេង ភេទប្រុស​ មានមុខរបរ​ជាកម្មករ​ ។

ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ផ្ទះ​កេីត​ហេតុ​បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា​ មុនពេលកើតហេតុ​ គាត់​ឮសំឡេង​ឈ្លោះ​ប្រកែក​គ្នា​រវាងប្តីនឹងប្រពន្ធដែលការឈ្លោះគ្នានេះគឺកើតមានស្ទើរតែរាល់​ថ្ងៃ​ ហើយ​ពេល​ឈ្លោះ​គ្នា​ម្តង​ៗ​ បុរស​ជាប្តីតែង​តែគំរាម​ដុត​ផ្ទះ​ជានិច្ច​។ លុះនៅ​យប់​កេីតហេតុ​នេះ គាត់​បាន​ឮសំឡេង​ឈ្លោះ​ប្រកែក​គ្នា​ និង​បោកកម្ទេចសម្ភារៈក្នុង​ផ្ទះ​ ។ ស្រាប់តែមួយ​សន្ទុះ​ក្រោយមកក៏មាន​អណ្ដាត​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញ​ពី​ផ្ទះ​នោះ​មក​ រហូត​ដល់ស្ថានភាព​ភ្លើង​កាន់​តែ​ខ្លាំង​ទប់​ទល់​លែង​ឈ្នះ​ បណ្តាល​ឱ្យផ្ទះ​បុរសនោះនិងផ្ទះអ្នកជិតខាង២ខ្នងទៀតត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​ ។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ភ្លាមៗ​នោះ​ដែរ​  លោកបាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រេីន​គ្រឿង​មកបាញ់​ពន្លត់ទប់​ស្កាត់​ទាន់​ពេល​វេលា​ និង​ពុំ​ឆ្លង​រាលដាល​ ដល់ផ្ទះប្រជាពលរដ្ឋជិតខាងបន្ថែមទៀតឡេីយ​ ។

លោកនាយការិយាល័យបានបន្តឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គីភ័យបានមកដល់ទីតាំងកើតហេតុចំនួន១៥គ្រឿង បានប្រើប្រាស់អស់ទឹកទាំង១៥រថយន្តទើបរលត់ជាស្ថាពរ។ ចំពោះ​មូលហេតុ​ដែលបង្ក​ឱ្យមាន​អគ្គិភ័យ​ ជំហាន​ដំបូង​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថាឆ្លង​ចរន្ត​អគ្គិសនី​ ប៉ុន្តែចំពោះ​មូលហេតុ​ពិតប្រាកដ​សមត្ថកិច្ចកំពុងស្រាវជ្រាវ​។ចំណែកផ្ទះដែលត្រូវភ្លើងឆេះនេះជាប្រភេទសំណង់ធ្វើពីឈើ​ប្រក់ស័ង្កសី​ទំហំ (៥ម៉ែត្រ​​ x ៦ម៉ែត្រ​) ខូចខាតផ្ទះទំហំ​ (៤ម៉ែត្រ×៦ម៉ែត្រ)​ ចំនួន៣ផ្ទះរួមទាំងសម្ភារមួយចំនួន និងពុំបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបន្ថែមទៀតឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖