ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ថ្ងៃនេះ ខ្ញុំបានបំពេញភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតម្នាក់ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្លែងថា, ថ្ងៃនេះ ខ្ញុំបានបំពេញភារកិច្ចក្នុងនាមជាប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតម្នាក់ ដោយបានមកពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត តបតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សាលាសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលការពិនិត្យនេះប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ។
លោកបានថ្លែងបន្តថា, ដោយឡែក ឆ្នាំនេះ ការពិនិត្យបញ្ជីឈ្មោះចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដែលគិតមកដល់ថ្ងៃនេះ នៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ។ លោកក៏ សូមលោកយាយ លោកតា ពុកម៉ែ អ៊ំ ពូមីង បងប្អូនទាំងអស់អញ្ជើញទៅពិនិត្យឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីផ្ទៀងផ្ទាត់ព័ត៌មានសំខាន់ ត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតឱ្យបានគ្រប់គ្រាន់។ ជាពិសេស បើបងប្អូនបានផ្លាស់ប្តូរអត្តសញ្ញាណបណ្ណគម្រូថ្មី សូមអញ្ជើញមកធ្វើបច្ចុប្បន្នភាពឱ្យបានឆាប់រុះរាន់។ ការបោឆ្នោតគឺជាការអនុវត្តសិទ្ធិពលរដ្ឋដ៏មានសារៈសំខាន់ក្នុងនាមជាសមាជិកប្រកបដោយភាពទទួលខុសត្រូវម្នាក់របស់សង្គម។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, នៅឆ្នាំ២០២២ ខាងមុខនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ នឹងឈានចូលមកដល់ ខ្ញុំសង្ឃឹមថា លោកយាយ លោកតា ពុកម៉ែ អ៊ំ ពូមីង បងប្អូនទាំងអស់នឹងធ្វើការជ្រើសរើសបេក្ខជន ដែលមកពីគណបក្សដែលយើងជឿជាក់ និងដែលយើងបានឃើញ បានដឹងថាតែងតែនៅរួមសុខរួមទុក្ខជាមួយប្រជាជន ដោះស្រាយរាល់បញ្ហាប្រឈមគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលចុងក្រោយនៃការផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កន្លងទៅនេះ៕

ដោយ៖ សិលា


ចែករំលែក៖