ខេត្តកំពង់ឆ្នាំង៖ លោក គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីតយុទ្ធជននិងជនពិការ ជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងតែងតាំងលោក អ៊ុំ សុភា មេបញ្ជាការយោធាខេត្ត ជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង។
នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ និងគិតគូរ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេច បានផ្តល់ជូនផ្ទះចំនួន ១៥០ខ្នងទៀត ដែលត្រូវសាងសង់ នៅក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅចុងខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ សំរាប់ផ្តល់ជូនបងប្អូនអតីតយុទ្ធជន។
ជាក់ស្ដែងជួសមុខឱ្យអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម បានគោរពអរគុណ និងដឹងគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុតចំពោះការគិតគូរពោរពេញដោយមេត្តា និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះអតីតយុទ្ធជនកម្ពុជា៕
ដោយ៖សហការី