ប្រទេសបារាំង ៖ មន្ត្រីបារាំងបានឱ្យដឹងនៅថ្ងៃទី២៤ខែវិច្ឆិកាថា មានជនភៀសខ្លួន៣១នាក់ស្លាប់ ពេលទូករបស់ពួកគេលិចនៅតំបន់សមុទ្រជិតកំពង់ផែ Calais ក្នុងពេលព្យាយាមភៀសខ្លួនចេញពីប្រទេសបារាំងទៅកាន់ប្រទេសអង់គ្លេស។
មន្ត្រីបារាំងបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាម ឧទ្ធម្ភាគចក្រនិងក្រុមជួយសង្គ្រោះបានទៅកាន់កន្លែងកើតហេតុ ហើយបានជួយស្រង់មនុស្សជាច្រើនពីក្នុងទឹក ក៏ដូចជាសាកសព។ ប៉ូលិសបារាំងបានបញ្ជាក់ថា មានមនុស្ស ៥០នាក់ជិះទូកភៀសខ្លួនពីតំបន់ Dunkirk ភាគខាងកើតកំពង់ផែ Calais ទៅកាន់អង់គ្លេស។
ប្រធានាធិបតីបារាំងលោកម៉ាក្រុង ក៏បានប្រកាសថា នឹងស្វែងរកអ្នកដែលទទួលខុសត្រូវចំពោះហេតុការណ៍ខាងលើ ។ លោកម៉ាក្រុងប្រកាសថា នឹងមិនទុកឱ្យច្រកសមុទ្រManche ក្លាយទៅជា «ទីបញ្ចុះសព»នៃជនភៀសខ្លួនឡើយ។
សោកនាដកម្មនេះបានបណ្តាលឱ្យមានចំនួនអ្នកស្លាប់ខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០១៨ នៅពេលដែលជនអន្តោប្រវេសន៍បានចាប់ផ្តើមប្រើប្រាស់ទូកធំៗរបស់ពួកគេដើម្បីធ្វើដំណើរតាមផ្លូវទឹក។ វាកើតឡើងនៅពេលដែលភាពតានតឹងបានកើនឡើងរវាងទីក្រុងឡុងដ៍ និងទីក្រុងប៉ារីសជុំវិញបញ្ហាចរាចរណ៍តាមផ្លូវទឹក និងច្បាប់នេសាទជាដើម។
បើតាមអាជ្ញាធរបារាំង មនុស្សយ៉ាងហោចណាស់៣១,៥០០នាក់ បានព្យាយាមចាកចេញពីប្រទេសបារាំងទៅកាន់ចក្រភពអង់គ្លេស ចាប់តាំងពីដើមឆ្នាំ២០២១មកម្ល៉េះ ហើយមនុស្ស ៧,៨០០នាក់ ត្រូវបានជួយសង្គ្រោះនៅឯសមុទ្រ ក្រោយការធ្វើដំណើររបស់ពួកគេជួបគ្រោះថ្នាក់ ហើយតួលេខបានកើនឡើងទ្វេដងគិតចាប់តាំងពីខែសីហាមក៕ ដោយ៖ធីរីណា
រូបថត៖AFP