ក្រុមអធិរាជស Real Madrid បានឈានដល់វគ្គ១៦ក្រុមក្របខ័ណ្ឌChampions League ជាលើកទី២៥ជាប់ៗគ្នាជាមួយនឹងការទទួលជ័យជម្នះយ៉ាងស្រួលទៅលើក្រុមម្ចាស់ផ្ទះ Sheriff Tiraspol ក្នុងកីឡដ្ឋានMoldova។
ការប្រកួតរវាងគូទាំង២នេះក្រុមភ្ញៀវ Real Madrid មានប្រៀបជាងក្រុមម្ចាស់ផ្ទះ ដោយបានគ្រប់គ្រងបាល់បានច្រើនជាង។
ក្នុងការប្រកួតតង់ទី១ ក្រុមភ្ញៀវមានឱកាសរកបានគ្រាប់បាល់២គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ Sheriff ដោយគ្រាប់ទី១រកបានដោយកីឡាករ David Alaba បានបើកការស៊ុតបញ្ចូលទីដោយការទាត់បាល់ហ្វ្រីឃីកផុតដៃអ្នកចាំទី Giorgos Athanasiadis នៅនាទីទី៣០។ ចំណែកគ្រាប់បាល់ទី២រកបានដោយខ្សែបម្រើ Toni Kroos នៅនាទីទី៤៥+១ ខណៈដែលគ្រាប់បាល់ទី៣រកបានដោយខ្សែប្រយុទ្ធ Karim Benzema នៅនាទីទី៥៥។
ជ័យជម្នះនេះមានន័យថា ក្រុម Real Madrid បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមដោយស្រួល បើទោះបីត្រូវឆ្លងកាត់ការប្រកួតមួយប្រកួតទៀតក្នុងពូល D ក៏ដោយ។ ចំណែកក្រុមខ្លាំងមកពីអុីតាលី Inter Milan ដែលបានយកឈ្នះ Shakhtar Donetsk ២ទល់០ ក៏បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមដែរ ដោយ Inter Milan ឈរលេខ២ក្នុងពូលមាន១០ពិន្ទុ ខណៈដែលក្រុមលេខ៣ក្នុងពូល Sheriff ឈរចំណាត់ថ្នាក់លេខ៣មានតែ៦ពិន្ទុប៉ុណ្ណោះ។
ការប្រកួតបន្ទាប់ដែលជាការប្រកួតបញ្ចប់ក្នុងការប្រកួតវគ្គជម្រុះតាមពូល ដោយក្រុម Real Madrid ត្រូវទទួលក្រុមភ្ញៀវ Inter Milan ដោយមានតែ២ក្រុមប៉ុណ្ណោះឡើងទៅកាន់វគ្គ១៦ក្រុមបន្តទៀត។ ក្រុមរបស់លោក Carlo Ancelotti បានឈរលើកំពូលតារាងដោយមាន១២ពិន្ទុលើសក្រុម Inter Milan ២ពិន្ទុ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)