ខេត្តស្ទឹងត្រែង៖ ម៉ូតូពីរគ្រឿងបានបុកគ្នាពេញទំហឹងធ្វើឱ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់នៅនឹងកន្លែងកើតហេតុ ខណ:បើកបរបញ្ច្រាសទិសគ្នាខ្វះការប្រុងប្រយ័ត្ន ដែលហេតុការណ៍នេះធ្វើឱ្យភ្នាក់ផ្អើលទាំងយប់ដល់អ្នករស់នៅម្តុំនោះមកមើលឃើញជនរងគ្រោះដេកស្តូកស្តឹងអស់ទៅហើយ។ គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង២២៖០០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតក្នុងភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍របស់អធិការដ្ឋានស្រុកសេសានបានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២២ៈ០០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅជ្រុងវត្តបាឌើម លើផូវកោងរវាងម៉ូតូនឹងម៉ូតូបណ្ដាលឱ្យស្លាប់២នាក់(ប្រុស)ទាំង២។ អ្នកបើកបរឈ្នោះថុត គី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំភុន បើកបរម៉ូតូម៉ាកអុិចសុីនធ័រ ពណ៌ក្រហមគ្មានស្លាកលេខ បើកបរពីទិសខាងលិចទៅកើត(បញ្ច្រាសទិសគ្នា) បានបុកជាមួយម៉ូតូម៉ាកសង់ការ៉េ គ្មានស្លាកលេខ អ្នកបើកបរម៉ូតូឈ្មោះហាន ស៊ូវណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ខេត្ត ខេត្តស្ទឹងត្រែង។
របាយការណ៍បញ្ជាក់ថា: គ្រោះថ្នាក់ខាងលើបណ្ដាលឱ្យអ្នកបើកម៉ូតូទាំង២គ្រឿងបានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ប៉ុន្តែក្នុងនោះក៏មានអ្នករួមដំណើរ១នាក់ឈ្មោះឡម ទី ភេទប្រុស រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
មូលហេតុម៉ូតូទាំង២គ្រឿងបើកបរក្នុងល្បឿនលឿន មិនគោរពច្បាប់ចរាចរណ៍។
អ្នកបើកបរនិងអ្នករួមដំណើរមិនពាក់មួកសុវត្ថិភាព ចំណែកម៉ូតូទាំង២គ្រឿងខូចខាតស្ទើរទាំងស្រុង។
បច្ចុប្បន្នសមត្ថកិច្ចជំនាញនិងកម្លាំងប៉ុស្តិ៍បានធ្វើកំណត់ហេតុ ដកហូតយកទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីបន្តនីតិវិធី។ក្រោយពិនិត្យនិងវាស់វែងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានប្រគល់សពទាំង២នាក់ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ដោយយោងតាមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកជា សុភ័ក្រ នៅវេលាម៉ោង១០ៈ៥៥នាទីយប់ថ្ងៃទី២៤ ខែវិឆ្ចិកា ឆ្នាំ២០២១ដដែលនេះ៕
ដោយ៖មាស សុផាត