ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema ត្រូវបានគេរកឃើញថា មានទោសកាលពីថ្ងៃពុធជុំវិញគម្រោងបង្ខូចខ្សែអាត់អាសអាភាសដែលសំដៅលើអតីតមិត្តរួមក្រុមជម្រើសជាតិបារាំង Mathieu Valbuena។ ប៉ុន្តែកីឡាករ Real Madrid វ័យ៣៣ឆ្នាំរូបនេះបានគេចពីការជាប់ពន្ធនាគារ ខណៈគាត់ត្រូវបានកាត់ទោសព្យួររយៈពេល១ឆ្នាំដោយតុលាការក្នុងទីក្រុង Versailles ជិតទីក្រុងប៉ារីស ដែលគាត់ក៏ត្រូវបានពិន័យជាប្រាក់៦៣,០០០ផោនក្នុងបទល្មើសខាងលើ។
ព្រះរាជអាជ្ញាបាននិយាយថា Benzema កំពុងធ្វើការជាមួយក្រុមក្មេងទំនើងដើម្បីបញ្ចុះបញ្ចូលអតីតខ្សែបម្រើជម្រើសជាតិបារាំង Valbuenaដែលបច្ចុប្បន្នមានវ័យ៣៧ឆ្នាំឱ្យប្រគល់សាច់ប្រាក់។ សហជនជាប់ចោទ៤នាក់ដែលជាមិត្តចាស់របស់ Benzema ត្រូវបានរកឃើញថា មានទោសក្នុងការប៉ុនប៉ងក្នុងរឿងខាងលើនេះដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ អតីតកីឡាករ Lyon រូបនេះនៅតែអាចជាប់ជម្រើសរបស់ក្រុម Real Madrid និងបានជួយក្លិបរបស់គាត់ឱ្យឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League សម្រាប់រដូវកាលទី២៥ជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ ៣-០ យ៉ាងស្រួលទៅលើក្រុម Sheriff ។
កីឡាករ៣រូបដែលរកបានម្នាក់១គ្រាប់ឲ្យ Real Madrid គឺកីឡាករ David Alaba, Toni Kroos និង Benzema បានស៊ុតបាល់បញ្ចូលទីដើម្បីធានាក្រុមយក្សនៅអេស្ប៉ាញមួយនេះឡើងវគ្គ១៦ក្រុមជាមួយនឹងការប្រកួតនៅក្នុងពូល D ។
ក្នុងនោះ Benzema ដែលស៊ុតបញ្ចូលទីចុងក្រោយគេដែលជាគ្រាប់ទី៣នៅនាទីទី៥៥។ ក្រោយមកគាត់ត្រូវបានអ្នកគាំទ្រវ័យក្មេងម្នាក់ដែលបានរត់ចូលក្នុងទីលានប្រកួត។ កុមារីនោះបានហុចប៊ិច និងក្រដាសទៅឱ្យ Benzema ហើយកីឡាករជើងចាស់រូបនេះបានចុះហត្ថលេខាឲ្យក្មេងស្រីនោះយ៉ាងរីករាយ បើទោះបីគាត់ដឹងថា មានការចោទប្រកាន់ពីបទល្មើសខាងលើក៏ដោយ ៕
ដោយ៖ ភារៈ(រូបភាព ៖ The Sun)