ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ពីនេះ ទៅមុខ យើងប្តេជ្ញាបន្តកាន់ដៃគ្នា ដើរលើវិធីនៃសន្តិភាព និងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានមានប្រសាសន៍ថា, អនាគតរបស់សង្គមជាតិ និងសុភមង្គលរបស់ប្រជាជន គឺមានសារៈសំខាន់បំផុត ដែលមិនអាចបណ្តោយ ទៅតាមយថាហេតុ ឬឲ្យមានភាពចៃដន្យណាមួយកើតឡើងធ្វើឲ្យប៉ះពាល់នោះទេ។ ប្រាកដណាស់ ពេលនេះ ពេលដែលកម្ពុជារីករាយនឹងសន្តិភាព ស្ថិរភាព, វាក៏ជាពេលដែលយុវជនកម្ពុជាត្រូវតែគិតបន្ថែមទៀតអំពីតួនាទី ទំនួលខុសត្រូវ និងការចូលរួមចំណែករបស់ខ្លួនដើម្បីសង្គមជាតិ និងប្រជាជន។លោកប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្តថា, ពីនេះ ទៅមុខ យើងប្តេជ្ញាបន្តកាន់ដៃគ្នា ដើរលើវិធីនៃសន្តិភាព និងការអភិវឌ្ឍ។
លោកធ្លាប់ថ្លែងរួចមកហើយថា, សមាជិកសមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ទូទាំងប្រទេស កំពុងតែត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងប្រារព្វឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ នៅក្នុងឆ្នាំទី៤៣ នៃបេសកកម្មរបស់ស.ស.យ.ក. សមាជិក សមាជិកា របស់យើងគ្រប់ៗរូបនៅតែរក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ “ស្មារតី២ធ្នូ” ជាពិសេសគឺស្មារតីនៃការលះបង់របស់សមាជិក សមាជិកាម្នាក់ៗ ក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងប្រឈមមុខជាមួយការរីករាលដាលនៃជំងឺកូវីដ១៩។

មហាក្រុមគ្រួសារយុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទាំងអស់គ្នា ត្រៀមខ្លួនជានិច្ចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ហើយប្តេជ្ញាបន្តថែរក្សា ការពារសុខសន្តិភាព ដើម្បីការរីកចម្រើន និងវិបុលភាពនៃព្រះរាជាណាចក្រកម្ពុជាលើគ្រប់វិស័យ ឲ្យបានស្ថិតស្ថេរគង់វង្សតរៀងទៅ ។

លោកលើកឡើងថា, ខ្ញុំមានមោទនភាពដែលបានក្លាយជាសមាជិកម្នាក់នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖