ភ្នំពេញ៖ នៅ ព្រឹកថ្ងៃ សុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧:៣០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
របៀបវារៈទី១ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោលបល់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
របៀបវារៈទី២ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោលបល់សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។ (សេចក្តីព្រាងច្បាប់នេះ ស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មាការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម)។
របៀបវារៈទី៣ ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យ និងឲ្យយោលបល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ។ (សេចក្តីព្រាងច្បាប់នេះស្ថិតក្នុងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានស្តាប់របាយការណ៍ លោក ឡោកឆាយ អគ្គលេខាធិការ ស្តីទីព្រឹទ្ធសភា ស្តីពីសំណើរបស់រដ្ឋសភា សុំឲ្យព្រឹទ្ធសភា
ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ដោយចាត់ទុកជាការប្រញាប់ ហើយដែលស្ថិតក្នុងវិស័យជាសមត្ថកិច្ច របស់គណៈកម្មការទី២ និងទី៩ ព្រឹទ្ធសភា ហើយដោយអង្គប្រជុំពុំមានផ្តល់យោបល់ពិភាក្សាអ្វីបន្ថែមទៀតនោះ…អង្គប្រជុំក៏បានអនុម័តយល់ព្រមលើទម្រង់នៃសេចក្តីព្រាងច្បាប់ទាំង៣ខាងលើ ហើយប្រគល់ជូនគណៈកម្មការ ដែលជាវិស័យសមត្ថកិច្ច ដើម្បីពិនិត្យសិក្សាដោយចាត់ទុកជាការប្រញាប់ ហើយផ្តល់យោបល់រាយការណ៍ជូនមកគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាវិញ ដើម្បីរៀបចំជារបៀបវារៈប្រជុំព្រឹទ្ធសភាវិញជាវិសាមញ្ញនាថ្ងៃខាងមុខ…៕
ដោយ៖ សិលា