ភ្នំពេញ៖ លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក នៅព្រឹកថ្ងៃសៅរទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្តចុះពិនិត្យទីតាំងដែលក្រុមការងាររដ្ឋបាលរាជធានី សហការជាក្រុមការងារខណ្ឌ ឈូសឆាយផ្លូវដែក ភូមិ១៤ នៅតំបន់អាងស្តុងទឹកបឹងងកក់ទី២ ដើម្បីត្រៀមធ្វើជំរកបណ្តោះអាសន្នជូនបងប្អូនដែលកំពុងដោះស្រាយផលប៉ះពាល់ដីរដ្ឋ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមការដឹកនាំបញ្ជាផ្ទាល់ពី លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក។
សូមជម្រាបថា កាលពីថ្ងៃទី២៦ វិច្ឆិកាម្សិលមិញនេះ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងសហការី បានចុះទៅពិនិត្យមើល ទីតាំងការឈូសឆាយដី រៀបចំលំនៅដ្ឋាន បណ្ដោះអាសន្ន ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅភូមិទី១៤ សង្កាត់បឹងកក់ទី១។
ជាក់ស្ដែងបេីយោងតាមការបញ្ជាក់ពីមន្ត្រីជំនាញ បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ កន្លងមកនេះ ចាប់ពីថ្ងៃទី២៥ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោក សហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានឈូសឆាយដី រៀបចំលំនៅដ្ឋាន បណ្ដោះអាសន្ន ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅ ភូមិទី១៤ សង្កាត់បឹងកក់ទី១ ដើម្បីរៀបចំស្ថាបនា កែលម្អអាងស្តុកទឹកអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលូ ប្រឡាយ តាមប្លង់គោលរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅស្ថានីយ បូមទឹក ទួលគោកទី២ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ដោយ៖ស តារា