ខេត្តបន្ទាយមានជ័យ៖ បេីយោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកទំនិញខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១.៥៧៧គីឡូក្រាម ទៅបំផ្លាញចោលនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទំនិញដែលយកមកបំផ្លាញចោលនោះរួមមាន៖ សរសៃគុយទាវ ទឹកក្រូច កំទេចមី និងផលិតផលម្ហូបអាហារផ្សេងទៀត ខាងលើ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតពីតាមបណ្ដាផ្សារ ផ្ទះលក់ទំនិញ និងមធ្យោបាយដឹកជញ្ជូននានា ក្នុងរយៈពេលកន្លងមកនេះ។
ដើម្បីបន្តយុទ្ធនាការការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» តាមរយៈការប្រើប្រាស់នូវរថយន្តមន្ទីរពិសោធន៍ចល័ត ជារៀងរាល់ថ្ងៃ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគចម្រុះនៅតាមទីផ្សារគោលដៅខេត្ត ស្រុក និងរាជធានីភ្នំពេញ។ ជាក់ស្ដែងមន្រ្តីជំនាញ ក៏បានរកឃើញ និងដកហូតនូវទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ជាច្រេីនផងដែរ។ ចំពោះការដកហូតទំនិញទាំងអស់នេះ មករក្សាទុកនៅសាខារបស់ខ្លួនដើម្បីបន្តនីតិវិធីពេលក្រោយ និងធ្វើការពិន័យអន្តរការណ៍ផងដែរ។
ជាមួយគ្នានេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្ត និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីបន្តការពារសិទ្ធ និងផលប្រយោជន៍ជូនអ្នកប្រើប្រាស់។ ជាក់ស្ដែងយោងតាមលទ្ធផលនៃការត្រួតពិនិត្យឃើញថា ដេប៉ូចំនួនធំមិនមានភាពអនុលោម។ ក្រោយប្រតិបត្តិការចប់មន្រ្តីជំនាញ ក៏បានធ្វើការពិន័យអន្តរការណ៍ដល់ម្ចាស់ទីតាំងដែលល្មើសនឹងច្បាប់ និងបានឱ្យកែតម្រូវផងដែរ៕
ដោយ៖សហការី