ខេត្តព្រះសីហនុ៖ បេីយោងតាមប្រភពព័ត៌មានពីរដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានឱ្យដឹងថា លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីព្រឹកមិញនេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” រៀបចំដោយកម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ប្រារព្ធធ្វើនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត មានទីតាំងនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងាររបស់មន្ទីរ លើករណីជនរងគ្រោះ ងាយរងគ្រោះ កុមារ មនុស្សពេញវ័យ និងមនុសវ័យចាស់ ដោយឡែកកម្មវិធីមនុស្សធម៌ក្រោមប្រធានបទ “ស្នាមញញឹមកុមារ” មានកុមារកំព្រារ កុមារគ្រួសារក្រីក្រ កុមារមានជំងឺកាចសាហាវ និងកុមារផ្ទុកមេរោគអេដស៍សរុបចំនួន១១៩នាក់ មកពី ៤មណ្ឌល ក្នុងនោះមាន៖
-កុមារស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងកុមារសមាហរណកម្មទៅសហគមន៍
-កុមារនៅមណ្ឌលអង្គការម្លប់តាប៉ាង
-បុរីកុមារក្រុងព្រះសីហនុ
-មណ្ឌលផ្ទះនៃគ្រួសារ។
នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសនថា កម្មវិធីមនុស្សធម៌ “ស្នាមញញឹមកុមារ” ពិតជាបានបង្ហាញពីសកម្មភាពចូលរួមការងារសង្គម ការសង្គ្រោះ និងក្តីមេត្តាធម៌របស់ថ្នាក់ដឹកនាំ ដើម្បីផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងជម្រុញលើកទឹកចិត្តកុមារឱ្យមានបំណិនជីវិត តស៊ូជំនះបញ្ហានានាក្នុងជីវភាព។ ការផ្តល់សម្ភារៈសិក្សា គ្រឿងឧបភោគបរិភោគជូនដល់កុមារ ការបណ្តុះគំនិតច្នៃប្រឌិត ការផ្តួចផ្តើមជាក្រុម ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល មកកាន់ខេត្តព្រះសីហនុ។ ក្នុងនាមរដ្ឋបាលខេត្ត ចងចាំនូវទឹកចិត្តសប្បុរសធម៌ គុណធម៌របស់សិក្ខាកាមវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ដែលបាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគចែកជូនដល់កុមាររបស់យើងក្នុងខេត្តព្រះសីហនុ សូមឱ្យសិក្ខាកាមទាំងអស់ បំពេញកិច្ចការកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។
ជាមួយគ្នានេះ លោក យក់ ប៊ុនណា រដ្ឋលេខាធិកាប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងការកោតសរសើរ ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់លោក គួច ចំរើន ហើយអ្វីដែលលោក បានលើកយកមកចែករំលែកនាពេលនេះ គឺដើម្បីបង្ហាញដល់សិក្ខាកាម សម្រាប់ជាបទពិសោធន៍ល្អៗ យកទៅសិក្សារៀនសូត្របន្ថែម និងជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួន។
សូមជម្រាបថា ថ្ងៃនេះជាកម្មវិធីមនុស្សធម៌ ដែលបានជាបន្តពីខេត្តសៀមរាម ខេត្តកំពង់ចាម និងមកដល់ខេត្តព្រះសីហនុ ក្នុងទឹកចិត្តអាណិតអាសូរ ការចូលរួមក្នុងសង្គមជាមួយក្មួយៗកុមារ ត្រូវយកការអាណិតស្រឡាញ់នេះ ជាការខិតខំសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជាជាមាសប្រាក់ ហើយវាមានតម្លៃ និងជាទ្រព្យដ៏ប្រសើរបំផុត ដើម្បីអនាគតភ្លឺថ្លារបស់ក្មួយៗកុមារទាំងអស់គ្នា នៅពេលខាងមុខ៕
ដោយ៖សហការី