ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រាស្រវឹងជាប្រចាំ ខ្យល់គរស្លាប់ក្នុងចម្ការអ្នកភូមិគ្មានសាច់ញាតិដឹង

ចែករំលែក៖

ខេត្ត​កោះកុង​ ៖​ មានការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​មនុស្សប្រុសម្នាក់នៅ​ចំណុច​ព្រែក​ក្រូច​ ភូមិ​ចំការលើ​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង នាវេលា​ម៉ោង៧ព្រឹក​ថ្ងៃទី​២៧​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០២១​ នៅ​តាម​ផ្លូវ​ចូលព្រៃចម្ការអ្នកភូមិ។​

​តាម​របាយការណ៍​នគរបាលព្រហ្មទណ្ឌស្រុកបុទុមសាគរ បាន​ឲ្យ​ដឹង​ថា​ សាកសពនេះត្រូវបានគេស្គាល់ឈ្មោះ​ សុខ​ ផុ​ន​ ភេទ​ប្រុស​ អាយុ៥៩ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​តា​អុក​ ឃុំ​អណ្ដូងទឹក​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​។​

  ក្នុងករណីនេះបើ​តាម​ការ​អះអាង​របស់​កូនប្រុស​ស្រី​និង​ចៅ​ឈ្មោះ​ តឹង​ សីហា​ ដែលបាន​ប្រទះ​ឃើញ​សាកសព​មុនគេ​ បាន​បំភ្លឺ​ប្រាប់សមត្ថកិច្ចថា​ នាពេល​កន្លង​មក​ជនរងគ្រោះបាន​ផឹកស្រា​ជា​ប្រចាំ​មិន​ហូប​បាយ​ និងជា​រឿយៗពេលទៅ​ណា​មក​ណា​គ្មាន​ដំណឹង​ប្រាប់ក្រុមគ្រួសារទេ​។​ ជាមួយនេះគាត់​ក៏មិនដែលមានគំនុំ​ជាមួយ​អ្នក​ណា​នៅក្នុង​ស្រុកភូមិ​ទេ​ មាន​តែ​អ្នក​ភូមិ​ជួយ​យកអាសារ​និងឧបត្ថម្ភគាត់​ជាហូរហែ។​ទើបតែពីរថ្ងៃមិនឃើញគាត់វិលត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររកស្រាប់តែឃើញគាត់ក្លាយជាសពនៅក្នុងចម្ការអ្នកភូមិហើយនាំគ្នាភ្ញាក់ផ្អើលតែម្តង។

 ប្រភពដដែលបានឲ្យដឹងទៀតថា​ក្រោយ​ទទួល​បាន​ព័ត៌​មាន​ពី​សាច់ញាតិ​ក្នុងករណីនេះភ្លាម កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​និង​កម្លាំង​ប៉ុស្តិ៍​នគរបាលរដ្ឋបាល​នៃ​អធិការដ្ឋាន​ស្រុក​បូ​ទុម​សាគរ​បាន​ សហការ​ជាមួយ​-​អាជ្ញាធរ​ភូមិ​-​ឃុំចុះ​ពិនិត្យ​សា​កសព​ ហើយ​លោកគ្រូ​ពេទ្យ​បាន​បញ្ជក់​ថា​ ជន​រង​គ្រោះស្លាប់​ដោយសារ​ខ្យល់គរ។​

 ​ក្រោយ​ពី​ពិនិត្យ​សពរួច​ សមត្ថកិច្ចជំនាញបាន​ប្រគល់​សាកសពជូនក្រុម​គ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖