ខេត្តកោះកុង ៖ មានការភ្ញាក់ផ្អើលមួយដោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពមនុស្សប្រុសម្នាក់នៅចំណុចព្រែកក្រូច ភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នាវេលាម៉ោង៧ព្រឹកថ្ងៃទី២៧ ខែវិចិ្ឆកា ឆ្នាំ២០២១ នៅតាមផ្លូវចូលព្រៃចម្ការអ្នកភូមិ។
តាមរបាយការណ៍នគរបាលព្រហ្មទណ្ឌស្រុកបុទុមសាគរ បានឲ្យដឹងថា សាកសពនេះត្រូវបានគេស្គាល់ឈ្មោះ សុខ ផុន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាអុក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងករណីនេះបើតាមការអះអាងរបស់កូនប្រុសស្រីនិងចៅឈ្មោះ តឹង សីហា ដែលបានប្រទះឃើញសាកសពមុនគេ បានបំភ្លឺប្រាប់សមត្ថកិច្ចថា នាពេលកន្លងមកជនរងគ្រោះបានផឹកស្រាជាប្រចាំមិនហូបបាយ និងជារឿយៗពេលទៅណាមកណាគ្មានដំណឹងប្រាប់ក្រុមគ្រួសារទេ។ ជាមួយនេះគាត់ក៏មិនដែលមានគំនុំជាមួយអ្នកណានៅក្នុងស្រុកភូមិទេ មានតែអ្នកភូមិជួយយកអាសារនិងឧបត្ថម្ភគាត់ជាហូរហែ។ទើបតែពីរថ្ងៃមិនឃើញគាត់វិលត្រឡប់មកផ្ទះវិញ ក៏នាំគ្នាដើររកស្រាប់តែឃើញគាត់ក្លាយជាសពនៅក្នុងចម្ការអ្នកភូមិហើយនាំគ្នាភ្ញាក់ផ្អើលតែម្តង។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយទទួលបានព័ត៌មានពីសាច់ញាតិក្នុងករណីនេះភ្លាម កម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋានស្រុកបូទុមសាគរបាន សហការជាមួយ-អាជ្ញាធរភូមិ-ឃុំចុះពិនិត្យសាកសព ហើយលោកគ្រូពេទ្យបានបញ្ជក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។
ក្រោយពីពិនិត្យសពរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ប្រាថ្នា