អ្នកនាំពាក្យមជ្ឈមណ្ឌល ដោះស្រាយស្ថានភាពកូវីដ-១៩ (CCSA) លោកTaweesilp Visanuyothin បានបញ្ជាក់ថា រដ្ឋាភិបាលថៃបានឡើងគម្រោងឱ្យពលករនៅក្រៅប្រទេស ប្រមាណ៤សែននាក់ មកពីប្រទេសជិតខាងចូលក្នុងប្រទេសថៃធ្វើការស្របច្បាប់ ដើម្បីជួយដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ដោយកូវីដ-១៩។
គោលដៅនៃគម្រោងអនុញ្ញាតឱ្យពលករបរទេសចូលធ្វើការក្នុងប្រទេសថៃ គឺដើម្បីទប់ស្កាត់ការជួញដូរមនុស្សខុសច្បាប់ឆ្លងព្រំដែន និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
រដ្ឋមន្ត្រីក្រសួងការងារលោក Suchart Chomklin បានលើកឡើងថា លោកនឹងពិភាក្សាជាមួយសមភាគីឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ស្តីពីតម្រូវការកាន់តែច្រើននៃកម្លាំងពលកម្មមកពីប្រទេសជិតខាងទាំង៣។ លោកបន្តទៀតថា ក្រុមជំនាញនឹងធ្វើតេស្តកូវីដ-១៩ដល់កម្មករ ហើយអនុញ្ញាតឱ្យធ្វើការស្របច្បាប់នៅក្នុងប្រទេសថៃ។
ថៃចាប់ផ្តើមដំណើរការសេដ្ឋកិច្ចឡើងវិញ ដោយជាដំបូងដំណើរការវិស័យទេសចរណ៍ ក្រោយករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសនេះថយចុះជាបន្តបន្ទាប់។នៅថ្ងៃទី២៧ខែវិច្ឆិកា ក្រសួងសុខាភិបាលថៃនៅបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៦,០៧៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន៦៤នាក់បន្ថែមទៀតក៏បានស្លាប់ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា ខណៈដែលអ្នកជំងឺចំនួន ៦,៥៣៨នាក់ផ្សេងទៀតត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,១០០,៩៥៩ករណី ក្នុងនោះមានអ្នកស្លាប់ ២០,៦៧៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,០០០,៥០២នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ៩១.០៩លានដូស ក្នុងនោះប្រជាជន ៤០.៤២លាននាក់ (៥៧.៧៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា
រូបថត៖baotintuc.vn