ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញដំរីព្រៃទាំងហ្វូង នៅស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ហ្វូងដំរីព្រៃមានទាំងមេ-បា និងកូនៗផងនោះ សរុប៤ក្បាលត្រូវបានអ្នកភូមិប្រទះឃើញកំពុងដកកូនដូង និងស៊ីដំណាំរបស់ពួកគាត់ដែលបង្កឱ្យមានក្ដីបារម្ភអំពីគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។

ហ្វូងដំរីព្រៃដែលអ្នកភូមិប្រទះឃើញនោះនាវេលាព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពថា ដំរីទាំងនោះបានចេញពីភូមិអូរណា,ភូមិអូរអាម នៃស្រុកកែវសីមា ហើយទំរាំមកដល់ទីនេះមានរយៈពេល៣ ទៅ៤ ថ្ងៃឯណោះហើយ ពួកវាបានស៊ីនិង ជាន់ដំណាំ ថែមទាំងមានអាការៈកាចសាហាវទៀត ផង។

ហេតុការណ៍នេះ ប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី លោក កែវ សុភគ៌ ថា លោកបានបញ្ជាដល់មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមាឱ្យសហការជាមួយកម្លាំងសមត្ថកិច្ច គឺបានចុះឃ្លាំមើលអំពីដំណើររបស់ពួកវាហើយ។

ការឃ្លាំមើលគឺបានមើលតែពីចម្ងាយ ពុំអាចចូលទៅក្បែរបានទេ។

លោកក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើឱ្យសត្វដំរីភ័យខ្លាច ព្រោះអាច នឹងបង្កឱ្យមានការខឹង ហើយវានឹងអាចធ្វើឱ្យយើងមានគ្រោះថ្នាក់បាន ដូច្នេះសូមនៅឱ្យឆ្ងាយពីសត្វដំរីនោះ។

ពលរដ្ឋខ្លះក្នុងមូលដ្ឋានដែលមានជំនឿអរូបី បានសម្តែងក្តីត្រេកអរថា មានសត្វដំរីចូលដល់ភូមិស្រុក គឺភូមិស្រុកនេះ នឹងទទួលបានក្តីសុខចម្រើនត្រជាក់ត្រជុំ ចៀសឆ្ងាយពីជំងឺកាចសាហាវ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានដឹងថា វាជាជម្លោះរវាងមនុស្ស និងដំរីទៅវិញ។

ដោយដំរីព្រៃដែលមកកាន់ទីនោះព្រោះជាកន្លែងដែលវាធ្លាប់រកស៊ីពីមុន ហើយឥឡូវមនុស្សទៅទន្ទ្រានយកកន្លែងវា។

ដូច្នេះសូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋកុំប៉ះពាល់វា និងសូមថែរក្សាសុវត្ថិភាពខ្ពស់។

លោកបញ្ជាក់ថា នេះជាការរកសុីវិលជុំរបស់សត្វដំរី ។

សូមបញ្ជាក់ផងដែរថា វត្តមានរបស់សត្វដំរីដែលចូលមកដល់ក្នុងមូលដ្ឋានខាងលើ មិនមែនជាលើកទីមួយនោះទេ ជារឿយៗពេលរដូវធ្លាក់ខ្យល់ ត្រជាក់ៗនេះ គេតែងតែឃើញវត្តមានរបស់ពួកវា មករកស៊ីនៅចំណុចដដែលៗជាប្រចាំឆ្នាំ ៕

ដោយ ៖ ជីវ័ន្ដ


ចែករំលែក៖