តាមការព្យាករណ៍របស់ក្រុមអ្នកឯកទេសគណិតវិទ្យា នៃមហាវិទ្យាល័យទីក្រុងប៉េកាំងបានបញ្ជាក់ថា ចិនអាចនឹងមានករណីឆ្លងកូវីដ-១៩ ដល់ទៅ៦៣០ពាន់នាក់ក្នុងមួយថ្ងៃប្រសិនបើចិនលុបច្បាប់រឹតត្បិតបើកទ្វារប្រទេសឡើងវិញនោះ។
នៅក្នុងរបាយការណ៍ស្រាវជ្រាវ ដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយ China CDC Weekly របស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងចិនបានផ្សាយថា ក្រុមអ្នកឯកទេសគណិតវិទ្យាបានគណនាថា ចិននឹងមានករណីឆ្លងច្រើនប្រសិនបើបន្ធូរបន្ថយការរឹតត្បិត។ ប្រសិនបើមិនមានវិធីសាស្ត្រព្យាបាលប្រកបដោយប្រសិទ្ធភាពជាងនេះ ចិននឹងមិនបន្ធូរបន្ថយការរឹតត្បិតនោះឡើយ។
ក្រុមអ្នកឯកទេសបានលើកឡើងថា អាចនឹងមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់នៅក្នុងប្រទេសចិន ហើយអាចកើនឡើងខ្ពស់លើសពីសមត្ថភាពគ្រប់គ្រងនៃប្រព័ន្ធសុខាភិបាលប្រទេសនេះ។
តួលេខនៃការស្រាវជ្រាវធ្វើឡើងនៅខែសីហាតាមរូបមន្តក្នុងប្រទេសអាមេរិក អង់គ្លេស អុីស្រាអែល បារាំងនិងអេស្ប៉ាញ ។ ប្រសិនបើចិនអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ដូចប្រទេសខាងលើ អ្នកឆ្លងកូវីដ-១៩ ក្នុងប្រទេសចិនមានដល់ទៅ637.155 ក្នុងមួយថ្ងៃ ហើយបើទាបបំផុតគឺ275.793 ។
ចិនបានបិទព្រំដែនតាំងពីខែមីនាឆ្នាំ២០២០ ដែលជាប្រទេសមួយក្នុងចំណោមប្រទេសដែលបិទទ្វារយូរបំផុតនៅលើពិភពលោក ។ ប៉ុន្តែវិធានការបិទប្រទេសនិងអនុវត្តយុទ្ធសាស្ត្រ Zero Covid-19 ធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាច្រើន៕ដោយ៖ធីរីណា
រូបថត៖AFP
រូបថត៖Bloomberg