ព័ត៌មានទាន់ហេតុការណ៍៖

ទីក្រុងមូស្គូបានរិះគន់យ៉ាងចាស់ដៃចំពោះកិច្ចប្រជុំកំពូលប្រជាធិបតេយ្យរបស់ទីក្រុងវ៉ាស៊ីនតោន

ចែករំលែក៖

ទីក្រុងមូស្គូបានថ្កោលទោសយ៉ាងចាស់ដៃដល់កិច្ចប្រជុំកំពូលប្រជាធិបតេយ្យនៅទីក្រុងវ៉ាស៊ីនតោន ដោយកិច្ចប្រជុំនោះសំដៅទៅលើប្រទេសរុស្ស៊ីនិងចិន។

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov នៅថ្ងៃទី២៧ខែវិច្ឆិកា បានថ្កោលទោសយ៉ាងខ្លាំងដល់គម្រោងផ្តួចផ្តើមកិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ ដោយរុស្ស៊ីចាត់ទុកថាកិច្ចប្រជុំនេះគឺសំដៅទៅលើប្រទេសចិននិងរុស្ស៊ី។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា «កិច្ចប្រជុំស្តីពីប្រជាធិបតេយ្យដឹកនាំដោយអាមេរិកក្នុងគោលដៅសំដៅទៅលើប្រទេសរុស្ស៊ីនិងចិន។ កិច្ចប្រជុំនោះគឺពួកគេចង់បង្រៀនពីរបៀបរស់នៅដោយប្រជាធិបតេយ្យ និងប្រព័ន្ធប្រជាធិបតេយ្យនៅលើពិភពលោក»។
តាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រទេសមួយចំនួនមិនត្រូវបានអញ្ជើញឱ្យចូលរួមនោះឡើយ ក្នុងនោះមានប្រទេសហុងគ្រី ដែលជាសមាជិកសហគមន៍អឺរ៉ុប។
តាមគម្រោង មានប្រទេសចំនួន១១០និងដែនដី ក្នុងនោះមានកោះតៃវ៉ាន់ក៏ត្រូវបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំខាងលើដែរ តាមប្រព័ន្ធអនឡាញរយៈពេល ២ថ្ងៃ គឺថ្ងៃទី៩និងទី១០ខែធ្នូ។ នៅក្នុងបញ្ជីឈ្មោះនោះមានកោះតៃវ៉ាន់ ប៉ុន្តែមិនមានចិននិងរុស្ស៊ីឡើយ៕

រូបថត៖TTXVN.VNA

ដោយ៖ធីរីណា(រូបថត៖TASS)


ចែករំលែក៖