ព័ត៌មានទាន់ហេតុការណ៍៖

មេឃខៀវ Man City បន្តកំណត់ត្រាមិនចាញ់៥ប្រកួតជាប់គ្នាក្រោយឈ្នះ West Ham ក្នុងលទ្ធផល ២-១

ចែករំលែក៖

ប្រធានក្រុម Manchester City កីឡាករ Ilkay Gundogan បានរកគ្រាប់បាល់នាំមុខក្នុងតង់ទីមួយ នាទីទី៣៣ មុនពេលគ្រាប់បាល់ចុងម៉ោងពីកីឡាករបម្រុង Fernandinho បានបង្ហាញឱ្យឃើញគ្រប់គ្រាន់ដើម្បីទទួលជ័យជម្នះក្នុងផ្ទះ ២-១ លើក្រុម West Ham United ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យ។

ជ័យ​ជម្នះ​នេះ​ជួយ​ឲ្យMan City ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២ និង​មាន​២៩​ពិន្ទុ​ចាញ់​ក្រុម​កំពូល​តារាង Chelsea ១ពិន្ទុ ដែលស្មើជាមួយ Manchester United។ ក្រុម West Ham ដែល​បាន​ដណ្តើម​បាន១គ្រាប់ក្នុងម៉ោងបន្ថែមនាទីទី៩០+៤ ​ជាមួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏​អស្ចារ្យពីកីឡាករManuel Lanzini ស្ថិត​នៅ​លេខ៤​មាន២៣ពិន្ទុក្នុងតារាងលីគកំពូលអង់គ្លេស។

ក្រោយចប់ការប្រកួតខ្សែបម្រើ Rodri របស់ Man City បាននិយាយថា“វាជាថ្ងៃដ៏លំបាកមួយ ដោយសារតែលក្ខខណ្ឌអាកាសធាតុ ប៉ុន្តែវាតែងតែពិបាកជាមួយនឹងក្រុមនេះ។ យើងមានសំណាងក្នុងការទទួលបានគ្រាប់បាល់ដំបូងនេះ ពីព្រោះនៅក្នុងតង់ទីមួយ យើងមិនអាចលេងបានច្រើននោះទេ។ នៅតង់ទីពីរពួកយើងបានគ្រប់គ្រង និងអាចស៊ុតបញ្ចូលទីបានច្រើនជាងនេះ”។

ដោយមានព្រិលធ្លាក់យ៉ាងក្រាស់សម្រាប់ពាក់កណ្តាលតង់ទីមួយកីឡាករRiyad Mahrez របស់ Man City បានស៊ុតបាល់បញ្ចូលទីនៅនាទីទី១៦ប៉ុន្តែការប្រឹងប្រែងរបស់គាត់ត្រូវបានច្រានចោលដោយបាល់ offside។Man City បានទទួលជ័យជម្នះនេះ ធ្វើឲ្យក្រុមនេះចាញ់ក្រុមលេខ១ Chelsea តែ១ពិន្ទុប៉ុណ្ណោះក្នុង១៣ប្រកួតដូចគ្នា ដែលធ្វើឲ្យ Man City បង្កើតកំណត់ត្រាឈ្នះ៥ប្រកួតជាប់ៗគ្នា ក្រោយពីចាញ់ Crystal Palace កាលពីការប្រកួតក្នុងលីគ។

លោក Pep Guardiola គ្រូបង្វឹករបស់ Man City បាននិយាយថា “ខ្ញុំភ្ញាក់ផ្អើលជាមួយនឹងចំនួននៃឱកាសដែលយើងបានបង្កើតក្នុងពេលប្រកួត។ យើងបង្កើតបានតិចតួច តង់ទីមួយគឺស្ទើរតែមិនអាចលេងបាន។ ខ្ញុំមើលឃើញថា ការប្រកួតជាមួយ PSG គឺមានភាពល្អប្រសើរជាងការប្រកួតនៅពេលនេះ”។

សម្រាប់ការប្រកួតបន្ទាប់ ក្រុមមេឃខៀវ Man City នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ Aston Villa នៅថ្ងៃទី២ ខែធ្នូខាងមុខ ដើម្បីប្រជែងយកកៅអីកំពូលតារាងពី Chelsea។ ចំណែកក្រុម West Ham ក្រោយពីចាញ់ក្រុមខ្លាំងនេះនឹងត្រូវប៉ះក្រុមភ្ញៀវ Brighton នៅថ្ងៃទី២ ខែធ្នូខាងមុខនេះដែរ ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters)


ចែករំលែក៖