បណ្ឌិត Anthony Fauci អគ្គនាយកមជ្ឈមណ្ឌល ជំងឺឆ្លងជាតិ បានលើកឡើងថា អាមេរិកអាចប្រឈមនឹងរលកកូវីដ-១៩ លើកទី៥ ក្នុងពេលដែលករណីឆ្លងកូវីដ-១៩ នៅអាមេរិកកើនឡើងខ្ពស់ ចំណែកការចាក់វ៉ាក់សាំងជូនពលរដ្ឋមានការយឺតយ៉ាវវិញ។
លោក Anthony Fauci ក៏បានព្រមានថា កូវីដ-១៩ បំប្លែងថ្មី Omicron អាចនឹងបង្កើនការឆ្លងរាលដាលខ្ពស់នៅអាមេរិក។ អ្នកឯកទេសអាមេរិកបានផ្តល់ព័ត៌មានដល់ប្រធានាធិបតីអាមេរិកលោកបៃឌិនថា ក្នុងរយៈពេល២សប្តាហ៍ទៀតទើបអាចវាយតម្លៃច្បាស់ពីវីរុសបំប្លែងថ្មីដែលតា។
ក្នុងពេលនេះដែរ អាមេរិក បានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាក្រក់បំផុត ពីការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី។ ល្បឿននៃការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicronគួរឲ្យប្រកាសអាសន្ន ។ នៅថ្ងៃទី ២៨ខែវិច្ឆិកា ប្រទេសជាច្រើននៅតំបន់អឺរ៉ុប បានរកឃើញវត្តមាន វីរុសបំប្លែងថ្មី Omicron ។
នៅពេលនេះដែរ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ក្រុមអ្នកវិទ្យាសាស្រ្តមិនប្រាកដនោះទេថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) អាចមានសមត្ថភាពឆ្លងរាលដាល កាន់តែឆាប់រហ័សថែមទៀត ធៀបនឹងវីរុសបំប្លែងថ្មីពីមុនៗ ហើយវាអាចបង្កជំងឺដែលមានស្ថានភាពកាន់តែធ្ងន់ធ្ងរ ឬក៏យ៉ាងណា។
អង្គការ WHO បាននិយាយដូច្នេះថា «ទិន្នន័យជាបឋមបង្ហាញថា អត្រាអ្នកត្រូវចូលសម្រាកព្យាបាលជំងឺ COVID-19 នៅតាមមន្ទីរពេទ្យ ក្នុងប្រទេសអាហ្រ្វិកខាងត្បូង មានការកើនឡើង ប៉ុន្តែនេះគឺដោយសារការកើនឡើងជារួមនៃចំនួនអ្នកឆ្លង មិនមែនដោយសារតែការឆ្លងវីរុសបំប្លែងថ្មី Omicron ជាពិសេសនោះឡើយ»។
យ៉ាងណាមិញ WHO បានបញ្ជាក់ថា ភស្តុតាងជំហានដំបូងឲ្យតម្រុយថា ហានិភ័យនៃការឆ្លងជំងឺ COVID-19 ឡើងវិញ គឺខ្ពស់ជាងមុន ដោយសារវីរុសបំប្លែងថ្មីនេះ។ WHO បានបន្ថែមថា ខ្លួនកំពុងធ្វើការយ៉ាងសកម្មជាមួយក្រុមអ្នកជំនាញ ដើម្បីស្វែងយល់ឲ្យបានច្បាស់ អំពីលទ្ធភាពនៃផលប៉ះពាល់របស់វីរុសបំប្លែងថ្មី Omicron ទៅលើចំណាត់ការបច្ចុប្បន្នប្រឆាំង COVID-19 រួមមានទាំងវ៉ាក់សាំងផងដែរ៕ដោយ៖ធីរីណា
រូបថត៖Shutterstock
រូបថត៖TTXVN.VNA