នៅថ្ងៃទី២៩ខែវិច្ឆិកា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្អាកឱ្យក្រុមនិស្សិតនិងអ្នកជំនួញក្រៅប្រទេសចូលក្នុងប្រទេសរបស់ខ្លួនដោយខ្លាចឆ្លងវីរុសកូវីដ-១៩បំប្លែងថ្មី Omicron ដែលពិភពលោកកំពុងតែបារម្ភ។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសពីការសម្រេចខាងលើ ហើយមានប្រសិទ្ធភាពនៅថ្ងៃទី៣០ខែវិច្ឆិកា។ នេះជាវិធានការគ្រប់គ្រងព្រំដែនយ៉ាងតឹងតែងជាថ្មីឡើងវិញ ក្រោយជប៉ុនទើបតែបានបន្ថយការរឹតត្បិតនៅដើមខែវិច្ឆិកានេះសម្រាប់ក្រុមនិស្សិតនិងក្រុមអ្នកធ្វើជំនួញ ។
កាលពីចុងសប្តាហ៍កន្លងមក ជប៉ុនបានកាត់បន្ថយការធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង និង៨ប្រទេសផ្សេងទៀតនៅទ្វីបអាហ្វ្រិក ដោយខ្លាចឆ្លងកូវីដ-១៩ បំប្លែងថ្មី។ ជាមួយគ្នានេះដែរជប៉ុនក៏បានអនុញ្ញាតឱ្យ៦ប្រទេសស្ថិតនៅភាគខាងត្បូងទ្វីបអាហ្វ្រិកចូលក្នុងទឹកដីជប៉ុន ប៉ុន្តែត្រូវធ្វើចត្តាឡីស័ករយៈពេល១០ថ្ងៃ ។
ចំណែកប្រទេសអូស្ត្រាលីវិញក៏ដូចគ្នានោះដែរ បានសម្រេចផ្អាកឱ្យនិស្សិតក្រៅប្រទេស និងពលករបរទេសចូលក្នុងទឹកដីអូស្ត្រាលីនាពេលនេះ។ គណៈកម្មការសន្តិសុខជាតិអូស្ត្រាលីបានបញ្ជាក់ថា ការផ្អាករហូតដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២១។
ទន្ទឺមនឹងនោះ អូស្ត្រាលីក៏បានផ្អាកការបើកទ្វារសម្រាប់អ្នកទេសចរបរទេស ដល់ថ្ងៃទី១៥ខែធ្នូផងដែរ ដើម្បីតាមដានស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ បំប្លែងថ្មី Omicron ។ កន្លងមកអូស្ត្រាលី បានប្រកាសបើកទ្វារឱ្យនិស្សិតបរទេសនិងពលករបរទេសចូលមកកាន់ប្រទេសអូស្ត្រាលី ចាប់ពីដើមខែធ្នូឆ្នាំ២០២១នេះ។ ប៉ុន្តែគម្រោងនោះត្រូវពន្យារពេលវិញដោយសារតែការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីOmicron ៕
ដោយ៖ធីរីណា(រូបថត៖AFP+TTXVN-VNA.)