ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចកកម្ពុជា ជូន ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ជាព្រះបុត្រា ព្រះបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ជាទីស្រឡាញ់រាប់អាន !
ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីការយាងចូលព្រះទិវង្គត របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៩:៤០នាទីព្រឹក នៅប្រទេសបារាំង ដោយព្រះរោគាពាធំ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ។ ខ្ញុំសូមសម្ដែងនូវហឫទ័យសោកស្ដាយដ៏ជ្រាលជ្រៅ ហើយសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់នៃព្រះសព្វ ។
ការយាងចូលព្រះទិវង្គត នៃសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះបិតាដ៏ល្អ ប្រពៃមួយព្រះអង្គដែលជាទីគោរពស្រឡាញ់នៃព្រះបុត្រា ព្រះបុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស និង ញាតិមិត្តទាំងពួង និងជាការបាត់បង់ព្រះឥស្សរជនដ៏ប្រពៃមួយព្រះអង្គ ដែលមានស្នាព្រះហស្ត និង ព្រះគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ ។
ខ្ញុំសូមបួងសួង សូមព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ យាងទៅកាន់សុគតិភព
កុំបីឃ្លៀង់ឃ្លាតឡើយ ។ សូម ព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ទទួលនូវសេចក្តីស្រឡាញ់រាប់អាន អំពីខ្ញុំ ៕
ដោយ៖សុខ ខេមរា