ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តដឹកក្រដាសអេតចាយសំពីងសំពោងលេីសចំណុះ និងបេីកបត់ឆ្វេងឆ្លងផ្លូវលឿនបួងចង្កូតខ្លាំងពេកធ្វើឱ្យក្រឡាប់ផ្ងារជើងម្ខាងនៅកណ្តាលផ្លូវបង្កឱ្យមានការកកស្ទះចរាចរណ៍ តែសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស ដែលហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចភ្លើងស្តុបបារគូ ផ្លូវ៥០ម៉ែត្រកែងនឹងផ្លូវលេខ២១៧ ក្នុងភូមិបារគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។
បេីតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D-2270បើកបរដោយបុរសម្នាក់ដឹកក្រដាសឡាំងអេតចាយសំពីងសំពោងលេីសចំណុះតាមបណ្ដោយផ្លូវលេខ២១៧ ពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈបើកមកដល់ត្រង់ចំណុចភ្លើងស្តុបបារគូអ្នកបើកបានបួងចង្កូតបត់ឆ្វេងឆ្លងមកផ្លូវ៥០ម៉ែត្រដោយមិនបន្ថយល្បឿនក៏ក្រឡាប់ផ្ងារជើងម្ខាង តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួសនៅក្នុងហេតុការណ៍នេះ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យទីតាំងកើតហេតុហើយដោយពិនិត្យឃើញមិនមានគ្រោះថ្នាក់ដល់អ្នកដទៃនិងមិនបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ ក៏អនុញ្ញាតឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕
ដោយ ៖ ភារ៉ា ដង្កោ