ព័ត៌មានទាន់ហេតុការណ៍៖

វិស័យទេសចរណ៍នៅលើពិភពលោកខាតបង់ប្រាក់រហូតដល់ទៅ២០០០ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១

ចែករំលែក៖

ការព្យាករណ៍ខាងលើបានប្រកាសក្នុងពេលតំបន់អឺរ៉ុបប្រឈមនឹងការឆ្លងកូវីដ-១៩ បំប្លែងថ្មី មានឈ្មោះថា Omicron ។
អង្គការទេសចរណ៍អន្តរជាតិរបស់អង្គការសហប្រជាជាតិ(UNWTO)នៅថ្ងៃទី២៩ខែវិច្ឆិកាបានប្រកាសថា ចំនួនអ្នកទេសចរថយចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ចាប់ពី៧០-៧៥% ។ កាលពីឆ្នាំ២០១៩ មុនពេលផ្ទុះកូវីដ -១៩ ចំនួនអ្នកទេសចរមានដល់ទៅ ១,៥ពាន់លាននាក់។
កម្រិតនៃការថយចុះអ្នកទេសចរប្រហាក់ប្រហែលនឹងឆ្នាំ២០២០ គិតជាទឹកប្រាក់មានជាង ២០០០ពាន់លានដុល្លារ។ វិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ខ្លាំងជាងគេក្នុងចំណោមវិស័យទាំងអស់នៅលើពិភពលោក ដោយសារវិបត្តិកូវីដ-១៩។
តាមរបាយការណ៍របស់(UNWTO)បានបញ្ជាក់ថា មានសញ្ញាល្អប្រសើរឡើងវិញក្នុងត្រីមាសទី៣ឆ្នាំ២០២១។ ប៉ុន្តែមកដល់ចុងឆ្នាំស្ថានភាពបានប្រែប្រួលដោយត្រូវប្រឈមនឹងការឆ្លងកូវីដ-១៩ជាថ្មីធ្វើឱ្យប្រទេសជាច្រើនជុំវិញពិភពលោកបិទដែនអាកាសជាបណ្តោះអាសន្ន។
នៅក្នុងត្រីមាសទី៣ វិស័យទេសចរណ៍កើនឡើង ដល់ទៅ៥៨% បើប្រៀបធៀបដំណាក់កាលដូចគ្នាឆ្នាំ២០២០។
តំបន់អឺរ៉ុបបានដំណើរការវិស័យទេសចរណ៍បានយ៉ាងល្អប្រសើរនៅត្រីមាសទីបី ក្នុងនោះមានខែសីហា និងខែកញ្ញា ដោយមានអ្នកទេសចរកើនឡើង៦៣%បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាឆ្នាំ២០២០ ។
នៅក្នុងតំបន់អឺរ៉ុបខាងត្បូង តំបន់សមុទ្រមេឌីទែរ៉ាណេ តំបន់អាមេរិកខាងជើង អាមេរិកកណ្តាល មានអ្នកទេសចរកើនឡើងខ្ពស់នៅខែកញ្ញាឆ្នាំ២០២១ ។ ប្រទេសក្នុងតំបន់អាស៊ីក៏ដូចគ្នានេះដែរ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលត្រីមាសទី៣ឆ្នាំ២០២១៕ ដោយ៖ធីរីណា

ប្រភពរូបថត៖ Vneconomy.vn


ចែករំលែក៖