ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ប្តីប្រពន្ធមួយគូបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះក្នុងបុរីគឹមសាន្ត

ចែករំលែក៖

  ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយល្វែងក្នុងបុរីគឹមសាន្តបណ្ដាលឱ្យប្ដីប្រពន្ធមួយគូបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

   ហេតុការណ៍​គ្រោះអគ្គិភ័យខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងបុរីគឹមសាន្ត ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

  សមត្ថកិច្ចឱ្យដឹងថា ម្ចាស់ផ្ទះជាប្តីមានឈ្មោះ សុផល អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ រីឯប្រពន្ធមានឈ្មោះសុខ ខុម​ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះជាប្រភេទថ្មបេតុង ទំហំ(ទទឹង៥ម៉ែត្រ បណ្តោយ១៦ម៉ែត្រ) ។

   ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានអណ្ដាតភ្លើងឆេះចេញពីក្នុងផ្ទះនោះលាយឡំនឹងផ្សែងហុយខ្មួលខ្មាញ់ និងឮសំឡេងម្ចាស់ផ្ទះស្រែកឲ្យគេជួយ។ ភ្លាមៗនោះប្រជាពលរដ្ឋដែលមានផ្ទះនៅជិតបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់តែមិនរលត់ក៏បានរាការណ៍ទៅសមត្ថកិច្ចឱ្យជួយចេញរថយន្តមកបាញ់ទឹកពន្លត់និងជួយសង្គ្រោះម្ចាស់ផ្ទះពីរនាក់ប្ដីប្រពន្ធយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យតែអកុសលជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានស្លាប់ជាបន្តបន្ទាប់ ប្តី(ស្លាប់មុន)។

   បើតាមសមត្ថកិច្ចជំនាញបានឱ្យដឹងថា គ្រោះអគ្គិភ័យនេះផ្ដើមចេញពីការឆ្លងចរន្តអគ្គិសនី ហើយទ្រព្យសម្បត្តិមួយចំនួនត្រូវបានអគ្គិភ័យឆេះអស់ទាំងស្រុង។ ចំពោះរថយន្តពន្លត់អគ្គិភ័យវិញគឺបានប្រេីប្រាស់រថយន្តអគ្គិភ័យ៩១១ចំនួន១គ្រឿង ។

រថយន្តអគ្គិភ័យរបស់បុរីសង្ឃឹមថ្មី១គ្រឿង)។ រថយន្តអគ្គិភ័យសាលាខណ្ឌកំបូល១គ្រឿង។

  ដោយឡែកសពជនរងគ្រោះស្ថិតនៅឯមន្ទីរពេទ្យនៅឡើយ ដោយរង់ចាំសមត្ថកិច្ចជំនាញមកធ្វើកោសល្យវិច័យមុននឹងប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖