ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយថវិកា សម្ភារៈបរិក្ខាទេព្យប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដល់ប្រទេសឡាវជាបន្តបន្ទាប់

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា។

លោក ផនខាំ វីផាវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភាដែលបានទទួលជួបសម្លែងការគួរសម។ លោក បានលើកឡើងថា នៅពេលអញ្ជើញមកដល់រាជធានីភ្នំពេញបានឃើញកម្ពុជា មានការរីកចម្រើនខ្លាំង ជាពិសេសរាជធានីភ្នំពេញបានផ្លាស់ប្តូរមុខមាត់យ៉ាងស្រស់បំព្រងជាមួយសមិទ្ធផលលេចរូបរាងឡើងយ៉ាងច្រើន ដែលបង្ហាញពីជោគជ័យយ៉ាងធំធេងនៅក្នុងការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋសភា។

លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានផ្តល់សម្ភារៈបរិក្ខាពេទ្យ មានម៉ាស វ៉ាក៉សាំង ដល់ប្រទេសឡាវ ហើយនៅក្នុងដំណើរទស្សនកិច្ចនាពេលនេះ កម្ពុជាបានផ្តល់ជំនួយថវិកា១៣លានដុល្លារ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៥០ ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀតជូនដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

លោក ផនខាំ វីផាវ៉ាន់ បានអបអរសាទរជាមួយកម្ពុជានៅក្នុងការចូលរួមយ៉ាងសកម្មនិងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងវេទិកាអន្តរជាតិ ដូចជា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីនេះៗ ដែលបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

លោកនាយករដ្ឋមន្រ្តីក៏បានពាំនាំការគោរពអញ្ជើញ របស់ឯកឧត្តមប្រធានរដ្ឋសភាឡាវ ជូនសម្តេចដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវក្នុងពេលសមស្របណាមួយ ផងដែរ។ ឯកឧត្តមប្រធានគណៈប្រតិភូបានបានជម្រាបសម្តេចប្រធានរដ្ឋសភាថានៅដំណើរទស្សនកិច្ចរបស់ លោកមកកម្ពុជានាពេលនេះ ទទួលបានជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងបងប្អូនរវាងប្រទេសទំាងពីរ លើគ្រប់វិស័យ ទាំងការងារសង្គម ពាណិជ្ជកម្ម ពិសេសរដ្ឋាភិបាលទំាងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែនដើម្បីប្រែក្លាយបន្ទាត់ព្រំដែន ជាព្រំដែនសន្តិភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ និងភាពជាបងប្អូន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តែងការអបអរសាទរចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលប្រទេសទាំងពីរ កម្ពុជា-ឡាវ សម្រេចបាននាពេលកន្លងមកទាំងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា។ សម្តេចបានគូសបញ្ជាក់ថាទស្សនកិច្ចរបស់ លោក នាពេលនេះ បង្ហាញពីការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរដងថែមទៀត។

សម្តេចបានមានប្រសាសន៍លើកឡើងថា ចំពោះស្ថាប័ននីតិប្បញ្ញតិ្តប្រទេសទាំងពីរវិញ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ ក៏ដោយ តាមរយៈការសន្ទនាផ្លាស់ប្តូរបទពិសោធន៍អំពីការងារនីតិកម្ម ទាំងកំរិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្រ្តីបច្ចេកទេស នៃស្ថាប័នទាំងពីរ។

សម្តេចបានគូសបញ្ជាក់ថារដ្ឋសភាទាំងពីរ បានប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក នៅក្នុងគ្រប់កាលៈទេសៈ ជាពិសេស នៅលើវេទិកាអន្តរសភាក្នុងតំបន់ និងក្រៅតំបន់ផងដែរ។

ឆ្លើយតបចំពោះការគោរពអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋឡាវ សម្តេចបានទទួលយក និងបានសន្យាថានឹងរកពេលវេលាសមស្របណាមួយ ដើម្បីដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខនេះ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖