ភ្នំពេញ៖ កូនស្រីពៅរបស់លោក កឹម សុខា កញ្ញា កឹម សុម៉ាធីតា បានសរសេរនៅលើបណ្ដាញសង្គម twitter របស់ខ្លួន ប្រកាសច្រានចោលព័ត៌មានទាំងឡាយ ដែលលាបពណ៌មកលើក្រុមគ្រួសារកញ្ញា និងថាក្រុម គ្រួសារកញ្ញាបានរងគ្រោះព្រោះការលាបពណ៌របស់ សម រង្ស៊ី និងបក្ខពួកអស់ជាច្រើនឆ្នាំមកហើយផងដែរ។
សូមបញ្ជាក់ថា, ក្នុងសារលើ Twitter កឹម សុម៉ាធីតា បានលើកឡើងថា ចាប់តាំងពីឪពុកកញ្ញាត្រូវបានចាប់ខ្លួន សម រង្ស៊ី និង គូកនបានចាប់ផ្ដើមយុទ្ធនាការលាបពណ៌មកលើឪពុក របស់កញ្ញា និងព្យាយាមបំបិទមាត់ដៃគូររបស់ខ្លួនថែម ទៀត។ កញ្ញាចាត់ទុកថាសកម្មភាពរបស់ សម រង្ស៊ី និង បក្ខពួកថា ជាសកម្មភាពជនផ្តាច់ការ និងប្រើប្រាស់ ឧបករណ៍បំពងសំឡេងដែលលំអៀងរបស់ខ្លួនផ្សព្វផ្សាយ បំផ្លាញអ្នកដទៃ។
តាមរយៈការសរសេរ កញ្ញាបានលើកឡើងថា៖ «គ្រួសាររបស់ខ្ញុំត្រូវបាន សម រង្ស៊ី លាបពណ៌អស់ជាច្រើនទស្សវត្សមកហើយ ដោយ ចាប់ផ្តើមពីការចោទថាយើងជាជនជាតិវៀតណាម រហូត ដល់ការវាយប្រហារអាសអាភាសភេទមកលើបងស្រីរបស់ ខ្ញុំបន្ទាប់ពីការចាប់ខ្លួននៃលោកឪពុក។ ជនណាប្រកាស តាំងខ្លួនឯងជាអ្នកប្រឆាំងការប្រកាន់ជាតិសាសន៍ និងអ្នក លើកតម្កើងស្ត្រីភេទដែលការពារ សម រង្ស៊ី គួរត្រូវបានគេ ស្គាល់ថាជាមនុស្សល្ងង់លាក់ពុត»។
សូមបញ្ជាក់ថា, ការចេញមកបញ្ជាក់របស់កូនស្រីលោកកឹម សុខា នៅ ពេលនេះគឺបន្ទាប់ពីឪពុករបស់កញ្ញា លោក កឹម សុខា បានប្រកាសផ្តាច់ចំណងទំនាក់ទំនងរបស់លោកពីលោក សម រង្ស៊ី និងអំពាវនាវឲ្យ សម រង្ស៊ី និងបក្ខពួកឈប់យក ឈ្មោះលោកទៅភ្ជាប់នឹង សម រង្ស៊ី ថែមទៀត ដោយបាន ធ្វើឱ្យក្រុមអ្នកគាំទ្រ សម រង្ស៊ី មានការខឹងសម្បារ និងលាបព័ណ៌បន្ថែមមកលើលោក កឹម សុខា ជាខ្លាំង។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាល ពី ឆ្នាំ២០១២ គណបក្សសមរង្សីដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយ លោក កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជា គណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោត ជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។
ទោះជាយ៉ាងណាក្រោយពីលោក កឹម សុខា ត្រូវចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយ តុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែកបាក់ជា ច្រើននិងបានបង្កើតជាគណបក្សជាបន្តបន្ទាប់ដើម្បីចូលរួម ក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺ គណបក្សភ្លើងទៀន(អតីតបក្សសមរង្ស៊ី) បានបង្ហាញ ជំហរនយោបាយចូលរួមការបោះឆ្នោតវិញ៕
ដោយ៖ សិលា