ព័ត៌មានទាន់ហេតុការណ៍៖

ព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែងត្រូវបានក្រុមការងារចម្រុះចុះស្រាវជ្រាវកំណត់និយមការ និងស្វែងរកជនល្មើសដែលកាប់បំផ្លាញព្រៃលិចទឹក

ចែករំលែក៖

ភ្នំពេញ៖ ដើមី្បអនុវត្តនូវបទបញ្ជារដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២១ម្សិលមុិញ លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តំណាងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយនៅសាលាស្រុកជីក្រែង ដើម្បីពិនិត្យផែនទីទិន្នន័យ  ផ្ទៃដីក្នុងតំបន់២និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកជីក្រែងក្នុងការទប់ស្កាត់ ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប ។  កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី អភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី, មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី, មន្ទីរធនធានទឹកនិងឧតុនិយម, មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ, មន្ទីរបរិស្ថាន, ខ័ណ្ឌរដ្ឋបាលជលផល, អភិបាលស្រុក និង មេឃុំជាប់បឹងទន្លេសាបទាំងអស់ក្នុងភូមិសាស្ត្រស្រុកជីក្រែង ដោយមានការចូលរួមប្រមាណ១០០ នាក់ ដោយបានប្រើប្រាស់ទូកម៉ាស៊ីនចំនួន ១៨គ្រឿង។  បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ក្រុមការងារបានបន្តចុះពិនិត្យទីតាំងជាក់ស្ដែងនៅតំបន់ដីព្រៃលិចទឹកដែល បានកាប់ទន្ទ្រានខុសច្បាប់ទាំងចាស់ទាំងថ្មី ដើម្បីដកហូតមកជាសម្បត្តិរដ្ឋវិញ និង វែកមុខជន ខិលខូចយកមកផ្ដន្ទា ទោសតាមច្បាប់ទៀតផង។

លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែង បានបញ្ជាក់អំពី ទិន្នន័យការកាត់ឆ្វៀលផ្ទៃដី ស្ថិតនៅក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ឆ្នាំ២០១២ នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ហើយផ្ទៃដីព្រៃលិចទឹកដែលបានឆ្វៀលកន្លងមកក្នុងតំបន់៣ មានទំហំ ៣ពាន់៩៧៩ហិចតា ដោយគ្រប់ដណ្តប់ លើឃុំចំនួន៧ ព្រមទាំងបានបោះបង្គោលកំណត់ព្រំប្រទល់តំបន់៣ និង កំណត់និយមការកាត់ឆ្វៀល ដីស្រែ ៣៥៦ចំណុច និង បានប្រគល់ឲ្យឃុំថែរក្សាបង្គោលតម្រុយ ក្នុងការទប់ស្កាត់ការកាប់រុករានដីព្រៃលិចទឹកក្នុងតំបន់៣បន្តទៀត។ ជាមួយគ្នានេះ លោក នាយខ័ណ្ឌរដ្ឋបាលជលផលបានបញ្ជាក់ថាពីឆ្នាំ២០១៦ ដល់២០២១នេះ ការបង្រ្កាបបទល្មើសចូលរុករានព្រៃលិចទឹកក្នុងតំបន់៣ មាន៨៦ករណី ក្នុង ឃុំជាប់ភូមិសាស្ត្របឹងទន្លេសាបទាំង៧ឃុំរបស់ស្រុកជីក្រែង ស្មើនឹងផ្ទៃដី ៧៤៥,៨៨ហិចតា ព្រមទាំងបានកំណត់មុខ សញ្ញាបទល្មើសនិងជនល្មើសដាក់ទៅតុលាការផងដែរ ។

លោក ទៀ សីហា ក៏បានបញ្ជាក់ថា គ្រប់ដែនសមត្ថកិច្ចក្នុងស្រុកជីក្រែង ដែលពាក់ព័ន្ធ ជុំវិញបឹងទន្លេសាបនេះ ត្រូវទទួលខុស និង ត្រូវប្រគល់ជូនរដ្ឋវិញ បើមិនដូច្នេះទេនឹងត្រូវប្រឈមចំពោះមុខច្បាប់ ហើយលោកក៏បានបញ្ជាក់បន្ថែមនូវខ្លឹមសារ  ក្នុងសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន បញ្ជាក់ថា ដើម្បីការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និងបាត់បង់ព្រៃលិចទឹកដោយ ការបំផ្លិច បំផ្លាញពីក្រុមជនអនាធិបតេយ្យនោះ ចាំបាច់ត្រូវតែមានវិធានការណ៍ ដែលសម្ដេចបានដាក់ បទបញ្ជារឲ្យអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហាពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹកដែល ឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រក។ លោកបានបន្តទៀតថា ព្រៃលិចទឹកនេះមានសារៈសំខាន់ សម្រាប់ទីជម្រកត្រីពងកូន និង ជីវៈចម្រុះនៅក្នុងបឹងទន្លេសាប តែបើសិនព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី និង មានការថយចុះជារៀងរាល់ឆ្នាំ ព្រមទាំង សត្វស្លាបទៀតផង។
លោក ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរ បញ្ចប់នៃការកាប់ទន្រ្តានព្រៃលិចទឹកបន្តទៀតនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ព្រោះព្រៃលិចទឹកមិនត្រឹមតែជាសក្តានុពលត្រីប៉ុណ្ណោះទេនៅខេត្តសៀមរាប ក្រៅពីដំណើរដើរទស្សនាកម្សាន្តនៅតាមប្រាង្គប្រាសាទនានា និង រមណីយដ្ឋានធម្មជាតិក្នុងខេត្ត ភ្ញៀវក៏មកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាបនូវព្រៃលិចទឹក និង សត្វស្លាប ទៀតផងដែរ ។

លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបញ្ជាក់ថា ក្នុងនាមជាអ្នកសម្របសម្រួល លើការងារពិនិត្យផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់៣ ក្នុងខេត្តសៀមរាប បានលើកនូវចំណុចមួយចំនួន ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ក្រុមការងារក្នុងការចុះពិនិត្យនូវរាល់បទល្មើស ការរុករានកាត់ទន្រ្ទានព្រៃលិចទឹក ការចុះពិនិត្យក្នុងពេលដែលទឹកមិនទាន់ស្រកនោះ គឺការពិនិត្យរបស់ក្រុម ការងារយើងនៅមិនទាន់ជាក់លាក់នៅឡើយ តែក្រោយពេលដកហូតដីដែលជនខិលខូច ធ្វើការកាប់ឈួសឆាយ នៅក្នុងតំបន់៣នេះ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលមានភូមិសាស្ត្រ ជាប់បឹងទន្លេសាប ត្រូវរួមសហការគ្នាធ្វើការដាំដុះកូនឈើឡើងវិញ នៅក្នុងផ្ទៃដីទាំងនោះ ព្រមទាំងធ្វើការថែរក្សា តាមដានរាល់សកម្មភាពរបស់ជនខិលខូច នៅតែបន្តធ្វើការរុករាននៅក្នុងដីតំបន់៣នេះ និងត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់បញ្ជូនទៅកាន់តុលាការ៕

ដោយ៖សិលា


ចែករំលែក៖