ក្រុម Chelsea នឹងមានជំនួបប្រកួត Premier League នៅរាត្រីថ្ងៃសៅរ៍ទី៤ ខែធ្នូ ទៅកាន់ទឹកដីក្រុម West Ham United ដោយអ្នកចាត់ការ Thomas Tuchel និយាយថា កីឡាករ Reece James, Timo Werner និង Jorginho មានជម្រើសសម្រាប់ការបង្ហាញខ្លួនរាត្រីនេះ។
អ្នកទាំង៣បានខកខានការទទួលជ័យជម្នះ ២-១ កាលពីថ្ងៃពុធនៅលើទឹកដីក្រុម Watford ខណៈដែលក្រុម Chelsea បានរក្សាតំណែងរបស់ពួកគេនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ដោយមាន៣៣ពិន្ទុបន្ទាប់ពី១៤ប្រកួតដែលលើស១ពិន្ទុពីលើក្រុមជើងឯករដូវកាលមុន Manchester City ។
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Tuchel បាននិយាយថា Mateo Kovacicរងរបួសភ្លៅ, Ben Chilwell និង N’Golo Kante រងជង្គង់ទាំង២ ខណៈដែល Trevoh Chalobah ក៏អវត្តមានដែរបន្ទាប់ពីរបួសភ្លៅក្នុងការប្រកួតចុងក្រោយ។
លោក Tuchel បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “Jorginho, Timo Werner និង Reece James កំពុងហ្វឹកហាត់ហើយ។ វាសំខាន់ណាស់ក្នុងការមានReece James និង Jorginho ត្រឡប់មកវិញ។ ReeceJames គឺជាកីឡាករសំខាន់ម្នាក់ ហើយ Jorginho គឺជាបុរសដែលជំនួសKovacic និង N’Golo ដែលយើងបានដាក់តួនាទីកណ្តាលក្នុងរយៈពេលដ៏យូរឥឡូវនេះ”។
លោកបន្តថា “ខ្ញុំសប្បាយចិត្តដែល Ruben (Loftus-Cheek) ចូលលេង ប៉ុន្តែយើងសប្បាយចិត្ត ដែលJorginho ត្រឡប់មកវិញ យើងមិនអាចរង់ចាំ Kovacic និង N’Golo ត្រឡប់មកវិញបានទេ ព្រោះពួកគេគឺជាផ្នែកសំខាន់មួយរបស់ក្រុមរបស់យើងនៅក្នុងខ្សែបម្រើ” ។
ចំណែកខ្សែប្រយុទ្ធ Romelu Lukaku បានធ្លាក់ចេញទៅកៅអីបម្រុងក្នុងការប្រកួត២លើកចុងក្រោយបន្ទាប់ពីត្រឡប់មកពីរបួសកជើង។ នៅពេលសួរថាតើកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះនឹងចាប់ផ្តើមទល់នឹងក្រុម West Ham ដែរឬទេ? លោក Tuchel បាននិយាយថា “ខ្ញុំនឹងមិនប្រាប់អ្នកទេ ព្រោះនេះគឺជាផ្នែកនៃខ្សែបន្ទាត់ដែលខ្ញុំចង់ឱ្យគូប្រកួតដឹងយឺតពេល។គាត់កំពុងហ្វឹកហាត់ ហើយចង់ចាប់ផ្តើម ខ្ញុំមិនដឹងថា វាលំបាកប៉ុណ្ណាទេក្នុងការឈានដល់កម្រិតកំពូលរបស់គាត់”។
គួរបញ្ជាក់ថា ក្រុមតោខៀវ Chelsea នឹងត្រូវប៉ះក្រុមម្ចាស់ផ្ទះ West Ham នៅវេលាម៉ោង៧និង៣០នាទីយប់ម៉ោងនៅកម្ពុជាដើម្បីប្រជែងយក៣ពិន្ទុក្នុងការដណ្តើមតំណែង Top 4 ដែលបច្ចុប្បន្ន Chelsea កំពុងឈរលេខ១ក្នុងលីគកំពូលអង់គ្លេស ខណៈដែល West Ham ឈរចំណាត់ថ្នាក់លេខ៤ មាន២៤ពិន្ទុ ក្នុង១៤ប្រកួតដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)