ព័ត៌មានទាន់ហេតុការណ៍៖

WHO ៖ មិនទាន់មានករណីស្លាប់ដោយកូវីដ-១៩ បំប្លែងថ្មី Omicron នៅឡើយទេ

ចែករំលែក៖

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី៣ ខែធ្នូ បានប្រកាសថា វីរុសបំប្លែងថ្មី Omicron បានឆ្លងរាលដាលដល់៣៨ប្រទេសហើយនៅជុំវិញពិភពលោក ប៉ុន្តែមិនទាន់មានករណីស្លាប់ណាមួយដោយវីរុសបំប្លែងថ្មី Omicron នៅឡើយទេ។
ជាមួយគ្នានេះដែរ អង្គការ WHO បានព្រមានថា ការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីអាចកើនឡើងដល់ពាក់កណ្តាលនៃករណីឆ្លងកូវីដ-១៩នៅអឺរ៉ុបនាពេលខាងមុខ។ នៅពេលនេះដែរ អង្គការ WHO បញ្ជាក់ថា នឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍ទៀតទើបអាចកំណត់បានថា វីរុសបំប្លែងថ្មី Omicron ឆ្លងរាលដាលលឿនប៉ុនណា ហើយវិធីសាស្ត្រនៃការព្យាបាល និងប្រសិទ្ធភាពនៃវ៉ាក់សាំងមានកម្រិតណា ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩នៅអឺរ៉ុបវិញ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងទ្វីបអឺរ៉ុប បានកើនឡើងលើស៧៥លានករណីហើយ គិតត្រឹមថ្ងៃទី៤ខែធ្នូ ខណៈដែលទ្វីបនេះកំពុងត្រៀមលក្ខណៈដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ចំពេលមន្ទីរពេទ្យនៅក្នុងប្រទេសមួយចំនួនកំពុងមានភាពតានតឹងរួចហើយ ដោយសារការកើនឡើងនៃករណីឆ្លងនាពេលបច្ចុប្បន្ន។
ប្រទេស១៥នៅទ្វីបអ៊ឺរ៉ុប បានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVD-19 បំប្លែងថ្មី Omicron រួចហើយ។ ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអ៊ឺរ៉ុបបានឱ្យដឹងកាលពីថ្ងៃ៣ខែធ្នូថា ករណីឆ្លងវីរុសបំប្លែងថ្មី Omicron អាចនឹងមានច្រើនជាងពាក់កណ្តាល នៃករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងទ្វីបអ៊ឺរ៉ុប ក្នុងរយៈពេល ២-៣ខែទៀត។
ដើម្បីដោះស្រាយការកើនឡើងខាងលើនេះ រដ្ឋាភិបាលនៃប្រទេសអឺរ៉ុបមួយចំនួន បានដាក់កំហិតលើសកម្មភាពមួយចំនួនឡើងវិញ ដោយប្រទេសអូទ្រីសបានដាក់ចេញនូវវិធានការបិទខ្ទប់ទាំងស្រុង ខណៈប្រទេសហុល្លង់ ក៏បានដាក់ចេញនូវវិធានការបិទខ្ទប់ផ្នែកខ្លះរបស់ខ្លួនផងដែរ។ ដោយឡែកប្រទេសអាល្លឺម៉ង់ សាធារណរដ្ឋឆែក និងស្លូវ៉ាគី បានដាក់ចេញនូវវិធានការរឹតត្បឹតលើអ្នកដែលមិនបានទទួលការចាក់វ៉ាក់សាំង៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖