ភ្នំពេញ ៖ ព្រះសពនៃសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវបានយាងដង្ហែរដល់មាតុប្រទេសហើយនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រារព្ធព្រះពិធីព្រះរាជទានព្រះភ្លើងតាមព្រះរាជបវេណី ។
សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញា្ញណក្ខ័ន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្រ្តី អតីតព្រះប្រធានរដ្ឋសភាជាតិ និងជាព្រះប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម ៧៧ ព្រះវស្សា នាសាធារណរដ្ឋបារាំង វេលាម៉ោង ៣:៤០នាទី ម៉ោងនៅទីក្រុងភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយព្រះជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៤៤ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រា នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។
សូមបញ្ជាក់ថា, «ព្រះករុណាជាម្ចាស់ជីវិត និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យចំនួន ១២មុឺនដុល្លារ សម្រាប់រៀបចំពិធីបុណ្យព្រះសព សម្តេចក្រុមព្រះ»
ស្ថិតក្នុងព្រះរាជហឫទ័យសោកស្តាយដ៏ជ្រាលជ្រៅរកទីបំផុតគ្មាន ចំពោះការយាងចូលព្រះទិវង្គតនៃ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាវេលាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គចំនួន ១២មុឺនដុល្លារ (ព្រះករុណាជាម្ចាស់ជីវិត ចំនួន ២មុឺនដុល្លារ សម្តេចម៉ែ ចំនួន ១០មុឺនដុល្លារ) ជូនព្រះបុត្រាបុត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាប់រៀបចំពិធីបុណ្យព្រះសពរបស់ព្រះអង្គ៕
ដោយ ៖ សុខ ខេមរា