ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅឃាត់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ករណីឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី០៤ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង២០នាទី នៅចំណុចផ្ទះទំនេរទុកចោលភូមិព្រែកខ្សេវសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចំនួន១នាក់ឈ្មោះ កុសល សីហា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកឡុងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យករួមមាន:ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន១២កញ្ចប់ ធំល្មម១កញ្ចប់,ជញ្ជីងសំរាប់ថ្លឹង១, ទូរស័ព្ទដៃ១គ្រឿងនិងកាបូបដៃ១។
ប្រភពដដែលបន្តថា នៅវេលាម៉ោងកើតហេតុខាងលើ ក្រោយបានទទួលបានពត៌មានពីប្រជាពលរដ្ឋល្អថាមានមុខសញ្ញាជួញដូរគ្រឿងញៀនបានមកស្នាក់នៅផ្ទះទំនេរទុកចោលភូមិព្រែកខ្សេវសង្កាត់រកាខ្ពស់ ភ្លាមនោះកម្លាំងនគរបាលបានទៅដល់ចំណុចខាងលើ.ហើយបានជួបនិងជនសង្ស័យឈ្មោះ កុសល សីហា កំពុងស្នាក់នៅក្នុងបន្ទប់.រួចក៏ធ្វើការឃាត់ឆែកឆេររកឃើញថ្នាំញៀនចំនួន១២កញ្ចប់ធំល្មម០១កញ្ចប់ លាក់ទុកក្នុងកាបូបដៃ រួចនាំសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា.ថ្នាំញៀននេះខ្លួនបានទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះក្នុងតម្លៃ៥០០ដុល្លារ។
បច្ចុប្បន្ន.ជនសង្ស័យត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់៕
ដោយ៖ស្អាង ជ័យ