មន្ត្រីសុខាភិបាលសហរដ្ឋអាមេរិកបានឱ្យដឹងថា កូវីដ-១៩ បំប្លែងថ្មី Omicron បានឆ្លងរាលដាលដល់១/៣នៃរដ្ឋរបស់អាមេរិក ខណៈដែលការឆ្លងរាលដាលកូវីដបំប្លែងថ្មី ដែលតា នៅតែកើនឡើងខ្ពស់ដដែល។
មន្ត្រីសុខាភិបាលអាមេរិក បានឱ្យដឹងថា កូវីដ-១៩ បំប្លែងថ្មី Omicron បានឆ្លងរាលដាលដល់រដ្ឋ California, Colorado, Connecticut, Hawaii, Louisiana, Maryland, Massachusetts, Minnesota, Missouri, Nebraska, New Jersey, New York, Pennsylvania, Utah, Washington និង Wisconsin។ ករណីឆ្លងកូវីដបំប្លែងថ្មីគឺមានអ្នកបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួន។ ប៉ុន្តែអ្នកដែលឆ្លងនោះមានអាការៈស្រាលតែប៉ុណ្ណោះ។
ចំណែកករណីឆ្លងកូវីដ-១៩ នៅអាមេរិកវិញ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះមានមនុស្សសរុប ៣៥,០៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ១៥៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៩៦៩,៨៥៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៨,៧៦៣នាក់ និងជាសះស្បើយឡើងសរុប ៣៩.៥២លាននាក់។
ទោះបីជាការលេចឡើងនៃវីរុសបំប្លែងថ្មី Omicron ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងពិភពលោកក៏ដោយ ក៏អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) បានគូសបញ្ជាក់ថា «រហូតមកដល់ពេលនេះ វាមើលទៅហាក់បីដូចជា មិនមានភាពធ្ងន់ធ្ងរខ្លាំងទេ ហើយវាពិតជាលឿនពេក ដើម្បីដឹងថាតើវីរុសបំប្លែងថ្មី Omicron អាចនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏យ៉ាងណានោះដែរ ខណៈដែលយើងត្រូវការការសិក្សាបន្ថែមទៀត»៕ ដោយ៖ធីរីណា
រូបថត៖Reuters