ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនិងឈ្មួញសង្ស័យទទួលផលទើបឈ្មួយជីកដីជម្រៅលើស២០ម៉ែត្រ មិនមានវិធានការ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះឈ្មួញដែលជីកដីលក់ប្រចាំក្រុងសិរីសោភ័ណ មានឈ្មោះហុក និងឈ្មោះសុខាប្រកបរបរអាជីវកម្មជីកដីលក់ រាប់ឆ្នាំមកហើយដោយរណ្តៅដីនីមួយៗ ជីកជ្រៅហួសពីការស្មាន មិនគោរពតាមការកំណត់ ឬច្បាប់បានកំណត់។ 

 ប្រភពមន្ត្រីជំនាញប្រាប់ថា រណ្តៅដីរបស់ឈ្មួញឈ្មោះហុក ខាងលើនេះ គឺសុំអជ្ញាប័ណ្ណខ្នាតសិប្បកម្មធនធានរ៉ែចេញដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលអាចជីកជម្រៅត្រឹម៥ម៉ែត្រប៉ុណ្ណោះ តែបែរជាឈ្មួញរូបនោះ ជីកយកតែឈ្នះដៃតែម្តង ដែលរណ្តៅនីមួយៗមានជម្រៅមិនក្រោម ២០ម៉ែត្រនោះឡើយ។

ប្រជាពលរដ្ឋថា សព្វថ្ងៃនេះ មេឈ្មួញដី ឈ្មោះ ហុក និងឈ្មោះសុខា កំពុងជីក រណ្តៅដីពីរកន្លែង នៅខាងជើងភ្នំកងវ៉ា ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ  ដែលក្នុងមួយ ថ្ងៃៗ សកម្មភាពជីកដី និងដឹកជញ្ជូនដី មិនក្រោម ពី១០០រថយន្តនោះទេ។ ចំណែកការដឹកដីតាមរថយន្តទៀតសោត មិនបានគ្របឱ្យបានត្រឹមត្រូវ ធ្វើឱ្យកម្ទេចដីធ្លាក់ហុយពេញផ្លូវ បង្កការលំបាក ក្នុងការធ្វើដំណើរ របស់ពលរដ្ឋដែលអាចក្លាយជាហានីភ័យព្រោះមានធ្លាក់ភ្លៀង តែងរអិល បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អ្នកដំណើរជាញឹកញាប់។  រណ្តៅដីនេះទៀតសោត ក៏តែងតែបង្កឲ្យសត្វគោរបស់ប្រជាពលរដ្ឋធ្លាក់បាក់ជើងងាប់ពីរទៅបីដងហើយដែរ ។

នេះជាការព្រួយបារម្ភរបស់អ្នកភូមិ ហើយពួកកាត់សំណូមពរឲ្យថៅកែរណ្តៅដីធ្វើរបងហ៊ុំព័ទ្ធការពារកុំឲ្យសត្វឬក្មេងធ្លាក់ចូលរណ្តៅដ៏សែនជ្រៅនេះផង។

ប្រជាពលរដ្ឋ បន្តថា មូលហេតុ ដែលឈ្មួញដី ឈ្មោះហុក អាចជីកកាយរណ្តៅ យកអាចម៍ដីលក់ក្នុងជម្រៅដល់ក្បាលប្រេតបែបនេះបាន ក៏ដោយសារតែឈ្មួញរូបនេះ មានទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធ និងត្រូវរ៉ូវជាមួយលោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ ទើបហ៊ានជីករណ្តៅដីនីមួយៗមានជម្រៅ រហូតលើសពី២០ម៉ែត្រ។

 ប្រជាពលរដ្ឋខាងលើនិយាយថា អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធ សូមមេត្តាជួយពិនិត្យមើល ករណីនេះផង ព្រោះមិនគួរបណ្តែតបណ្តោយ ឱ្យឈ្មួញ និងមន្ត្រីខិលខូចមួយចំនួនតូច ផ្សំគំនិតគ្នា បំផ្លាញសម្បតិរដ្ឋរាប់សិបឆ្នាំដើម្បីទទួលលាភនោះទេ។

ដោយឡែក លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តបន្ទាយមានជ័យលោកបញ្ជាក់ថា រណ្តៅដីនៅភ្នំកងវ៉ា ជារណ្តៅដីចាស់ដែលមានអាជ្ញាបណ្ណពីក្រសួងរ៉ែ និងថាមពល ចំនួន ៩ហិកតា រណ្តៅដែលចេញដោយក្រសួងពុំបានកំណត់ជម្រៅទេ ហើយបានបញ្ចប់មករយៈពេលច្រើនឆ្នាំហើយ។ ចំណែកសព្វថ្ងៃមានរណ្តៅដីពីរកន្លែងទៀតដែលជាអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចេញដោយរដ្ឋបាលខេត្ត ដែលកំពុងធ្វើរាល់ថ្ងៃ។ចំណែកជម្រៅគឺកំណត់អាចជីកបានតែ ៥ម៉ែត្រទេ។ ក្រុមការងារមន្ទីរតែងតែបានចុះពិនិត្យវាស់វែង ករណីមានការជីកលើសយើងបានកំណត់ឲ្យបង់សួយសារបន្ថែមរួចរាល់ហើយ និងមិនអនុញ្ញាតឲ្យជីកទៀតទេ៕

ដោយ ៖ វណ្ណា


ចែករំលែក៖