ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគ្នាស្លាប់ម្នាក់នៅកន្លែងកើតហេតុនិងរបួសធ្ងន់ស្រាលបីនាក់

ចែករំលែក៖

ខេត្តតាកែវ ៖ យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូដែលបើកក្នុងទិសដៅផ្ទុយគ្នា។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង៥នាទី ថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០២១ស្ថិតនៅតាមដងផ្លូវលេខ១២៩ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៩ និងលេខ១០ ស្ថិតនៅក្នុងភូមិកញ្ចាង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ខាងលើនេះកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខតាកែវ1A-2153ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះជាន ផន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិស្រយុន ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរឈ្មោះសុីវ លាន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិយាផ្អេរ ឃុំព្រៃផ្គាំ ស្រុកអង្ករបុរី ខេត្តតាកែវរងរបួសស្រាល។ ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ដូចគ្នា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាកស្លាកលេខភ្នំពេញ1FZ-5471ក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត បើកបរដោយឈ្មោះសំ បារាំង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាកសិករ មានទីលំនៅភូមិដុង្គ ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះហ៊ុន អូន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មករបានរងរបួសស្រាល រស់នៅភូមិឃុំជាមួយអ្នកបើកបរ។

 ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានបញ្ជូនអ្នករងរបួសយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ និងធ្វើការត្រួតពិនិត្យវាស់វែងរួចប្រគល់សាកសពជូនសាច់ញាតិបងប្អូនដើម្បីធ្វើបុណ្យតាមប្រពៃណីនិងទំនៀមទម្លាប់សាសនា។ចំណែកម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកដើម្បីដោះស្រាយតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖