ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលចន្ទ្រា ចុះឃាត់ខ្លួនជនសង្ស័យជាប្ដីម្នាក់ដែលពេលស្រវឹងស្រា បានវាយនិងរឹតកប្រពន្ធបណ្ដាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យជាប្ដីមានឈ្មោះ នេត រ៉ា អាយុ៤៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិសែនត ឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ចំណែកជនរងគ្រោះមានឈ្មោះសោ សុខី អាយុ៤៤ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំជាមួយគ្នា។
ប្រភពបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន ពីប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ទ្រាភ្លាម លោក ជិន សុភឿន អធិការនគរបាលស្រុកបានចាត់កម្លាំងជំនាញ ទៅសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចន្ទ្រា ចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរតែម្ដង។
នៅមុនពេលកើតហេតុជនសង្ស័យជាប្ដីបានផឹកស្រាស្រវឹងរហូតមានទំនាស់ពាក្យសម្តីឈានដល់ប្រើហិង្សាដោយបានវាយប្រពន្ធមួយដៃហើយទាញអាវទៅរឹតកពីក្រោយបណ្តាលឱ្យប្រពន្ធប្រកាច់ស្លាប់ មុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដោយសារតែប្តីស្រវឹងស្រាវាយប្រពន្ធ ហេីយប្រពន្ធមានជំងឺបេះដូងប្រចាំកាយ។
សមត្ថកិច្ចបានឆ្លៀតឱកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំប្រើប្រាស់អំពើហិង្សាគ្រប់រូបភាព ទោះបីក្នុងកាលៈទេសៈ ឬស្ថានភាពណាក៏ដោយ ព្រោះកំហឹងមួយពេល គឺជាកំហុសមួយជីវិត! ខឹងខុស ខឹងខាត។
ក្រោយកើតហេតុសាកសពស្ត្រីជាប្រពន្ធត្រូវបានសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី រីឯជនសង្ស័យសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕
ដោយ៖យឹម សុថាន