ភ្នំពេញ ៖ ដំណើរបេសកកម្មអនុវត្តតាមបទបញ្ជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ គឺក្រុមការងារអន្តរក្រសួងចុះពិនិត្យមេីលស្ថានភាពនៃការកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកថ្មគោល ខេត្តបាត់ដំបង។ នេះបើតាមការបញ្ជាក់អោយដឹងពី លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ នៅវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។
សូមបញ្ជាក់ថា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ការអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ លោក ជា សុផារាំ ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យទីតាំងដីដែលត្រូវបានទន្ទ្រានក្នុង ដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២១។
ប្រតិភូរួមដំណើរជាមួយ លោកឧបនាយករដ្ឋមន្ត្រី មាន លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់, លោក វេង សាខុន រដ្ឋមន្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោកកិត្តិបណ្ឌិត លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប, លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, លោក ហួត ហាក់ រដ្ឋលេខាធិការ តំណាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច, លោក អ៊ឹម ចាន់ថុល ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ, លោក ជាវ តាយ អភិបាលន គណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ននិងអង្គភាព ពាក់ព័ន្ធ។
ប្រតិភូក្រុមការងារអន្តរក្រសួងបានជួបប្រជុំពិភាក្សាគ្នាប្រមូលធាតុចូល និងបានដាក់ចេញវិធានការ ដូចខាងក្រោម+
1. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។
2. ជូនរដ្ឋបាលខេត្តពោធិ៍សាត់ចាត់វិធានការបញ្ឈប់ការចូលទន្ទ្រានដីដែនព្រៃលិចទឹកបន្តទៀត ធ្វើ អត្តសញ្ញាណអ្នកដែលបានចូលទន្ទ្រាន ដើម្បីធ្វើការដកហូតដីនិងចាត់វិធានការតាមផ្លូវច្បាប់ ដោយ ត្រូវកសាងអង្គហេតុ និងដាក់បណ្ដឹងអាជ្ញាទៅតុលាការ
3.ទន្ទឹមនឹងវិធានការផ្លូវច្បាប់ ជនល្មើសត្រូវដាំដើមឈើឡើងវិញលើផ្ទៃដីដែលបានទន្ទ្រាន។
4. កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាត់កម្លាំងចុះល្បាតតាមគោលដៅដើម្បីទប់ស្កាត់ការទន្ទ្រាន ដីព្រៃលិចទឹកនិងអនុវត្តវិធានការច្បាប់។
5. ជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលបន្ទុកដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋនូវដីព្រៃលិចទឹកតំបន់ទន្លេសាប។
6. ចំពោះប្រជាពលរដ្ឋដែលបានដាំដំណាំ ពិសេសដំណាំស្រូវ ទុកពេលឱ្យប្រមូលផល រួចស្ទើឱ្យធ្វើ លិខិតទទួលកំហុស និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។
7. ការដាំដើមឈើឡើងវិញ ផ្ដល់អាទិភាពលើការដាំដើមប្ញស្សី។
ដោយឡែកនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ លោក សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានដឹកនាំបេសកកម្ម ដ៏ក្តៅគគុកនេះដល់ខេត្តបាត់ដំបងបងហើយ។
សូមរំលឹកថា, នៅខេត្តកំពង់ឆ្នាំង មានសមត្ថកិច្ច អញ្ញាធរ និងឈ្មួញ រួមទាំងអស់ចំនួន ១៣រូប បានសារភាពពីការរំលោភ ទន្រ្ទានយកដីព្រៃលិចទឹកជាប់បឹងទន្លេសាប សរុបជាង ២ពាន់ហិកតា បានប្រគល់មកឲ្យរដ្ឋវិញ។ ចំពោះដំណើរការនីតិវិធីបន្ត , គឺខាងមន្ត្រីនគរបាលយុត្តិធម៌ , តុលាការ, និងអង្គភាពប្រឆាំងអំពើពុករលួយបន្តធ្វើការស្រាវជ្រាវក្នុងកិច្ចការនេះបន្តទៀត៕
ដោយ ៖ សុខ ខេមរា