ព័ត៌មានទាន់ហេតុការណ៍៖

លោក សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង  លោក លោកស្រី ប្រធាននាយកដ្ឋាន និងមន្រ្តីចំណុះអគ្គនាយកដ្ឋានរដ្ឋបាលចំនួនប្រមាណ ២០០នាក់ នៅទីស្តីការក្រសួងមហាផ្ទៃ។ 

ក្នុងពិធីសន្និបាតនេះដែរ លោកអគ្គនាយក បានលើកឡើងអំពីគោលបំណងនៃសន្និបាត ដើម្បីត្រួតពិនិត្យ វាយតម្លៃលើលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្នុងការចូលរួមអនុវត្តសកម្មភាពអាទិភាពនានា ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ(២០២៤-២០២៨) ស្របតាមផែនការយុទ្ធសាស្រ្តស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ជាពិសេសកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកអធិបតី បានលើកឡើងនូវសមិទ្ធផលសំខាន់ៗដែលជាការងារអាទិភាពរបស់អគ្គនាយកដ្ឋានរដ្ឋបាល ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយភាពប៉ិនប្រសប់ និងមានឆន្ទៈដ៏មោះមុតរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានជាអាទិ៍ ការងារក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ, ការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការអភិវឌ្ឍនូវប្រព័ន្ធអនឡាញដើម្បីគាំទ្រនិងផ្ដល់សេវានានា,   ការរៀបចំក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការអភិវឌ្ឍធនធានមនុស្ស, ការគ្រប់គ្រងរដ្ឋបាលដែនដី, ការគ្រប់គ្រងច្រកទ្វារព្រំដែន,  ការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍រាជធានី ខេត្ត និងគម្រោងមូលនិធិក្រុង ស្រុក និងឃុំ សង្កាត់ឱ្យមានប្រសិទ្ធភាព ដោយធានាបានទាំងបរិមាណនិងគុណភាព, ការទទួលមតិយោបល់ និងការទទួលដោះស្រាយបណ្ដឹងតវ៉ានិងសំណើសំណូមពរនានារបស់ប្រជាពលរដ្ឋជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ លោកអគ្គនាយក បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ ការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានរដ្ឋបាលទាំងអស់ ដែលធ្វើឱ្យសម្រេចបានសមិទ្ធផលជាច្រើនដូចបានគូសបញ្ជាក់ ខាងលើ។

ជាទីបញ្ចប់ លោក សួស ប្រាថ្នា បានស្នើឱ្យអង្គសន្និបាតត្រូវផ្ដោតការយកចិត្តទុកដាក់ ចូលរួមពិនិត្យពិភាក្សា និងផ្ដល់មតិយោបល់ឱ្យបានផុលផុសលើប្រធានបទសំខាន់ៗ ដែលលើកឡើងក្នុងសន្និបាត ដើម្បីកំណត់វិធានការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក ព្រមទាំងធ្វើការពិនិត្យ ពិភាក្សាអំពីវិធានការ ឬតម្រូវការចាំបាច់នានា ដោយធានាដល់ការអនុវត្តតួនាទីភារកិច្ច និងការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានរដ្ឋបាល ឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមរបៀបវារៈ និងកម្មវិធីដែលបានរៀបចំ សំដៅធ្វើឱ្យសន្និបាតទទួលបានលទ្ធផលជាផ្លែផ្កាតាមការគ្រោងទុក។

សូមជម្រាបជូនដែរថា ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ត្រូវបានធ្វើឡើងក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤៕

ដោយ ៖ សិលា


ចែករំលែក៖