ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងបានលុង៖ ទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា

ចែករំលែក៖

ខេត្តរតនគិរី៖ លោកពុធ ដានី អភិបាលរងក្រុងបានលុងបានដឹកនាំកម្លាំងសង្កាត់ចំនួន២ គឺសង្កាត់ឡាបានសៀកនិងសង្កាត់បឹងកន្សែងធ្វើអនាម័យសម្អាតតាមបណ្ដោយផ្លូវជាតិលេខ ៧៨ដើម្បីទីក្រុងស្អាត។

  ការសម្អាតអនាម័យនេះធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ដោយលោកអភិបាលរងក្រុងបញ្ជាក់ប្រាប់ថា ទីក្រុងស្អាត គឺផ្ដើមចេញពីយើងគ្រប់គ្នា។

នៅក្នុងថ្ងៃនេះសង្កាត់ទាំងពីរបានធ្វើការសម្អាតអនាម័យមានទិសដៅផ្ទុយគ្នានៅលើផ្លូវភ្លោះជាតិលេខ៧៨ សម្រាប់សង្កាត់ឡាបានសៀកចាប់ពីភូមិ៧ មករារហូតដល់ភូមិអភិវឌ្ឍន៍មានប្រវែងបីពាន់ម៉ែត្រ។

នៅក្នុងសង្កាត់បឹងកន្សែងចាប់ពីភូមិអូរកន្សែងរហូតដល់ភូមិភ្នំស្វាយមានប្រវែងបីពាន់ម៉ែត្រដូចគ្នា។

 លោកអភិបាលរងក្រុងបានលុងបានបន្ថែមថា  ក្រោមការដឹកនាំរបស់លោកញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោកបានគិតគូរយកចិត្តទុកដាក់ខ្ពស់លើបញ្ហាអនាម័យក្នុងក្រុងបានលុងក៏ដូចជាតាមបណ្ដាស្រុកក្រុងទាំង៩នៅក្នុងខេត្តរតនគិរីទាំងមូលផងដែរ។  លោកអភិបាលខេត្តតែងបានណែនាំឱ្យអនុវត្តគ្រប់ៗគ្នាដើម្បីឱ្យទីក្រុងបានលុងនិងតាមបណ្តាស្រុកមានបរិស្ថានស្អាតល្អ មានសោភណភាពស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកកម្សាន្តក្នុងទឹកដីខេត្តរតនគិរីយើងនេះ។

ក្នុងនាមរដ្ឋបាលក្រុងបានលុង លោក ពុធ ដានី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវជាតិលេខ៧៨ សូមចូលរួមសម្អាត ធ្វើអនាម័យឱ្យបានគ្រប់ៗគ្នាតាមរយៈការវេចខ្ចប់សំរាមទុកដាក់ឱ្យបានត្រឹមត្រូវ កុំបោះចោលពាសវាលពាសកាលនិងកុំដាក់តាំងធុងសំរាមលើចិញ្ចើមផ្លូវថ្មើរជើងរបស់ពលរដ្ឋធ្វើដំណើរជាដើម៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖